ព័ត៌មានជាតិ

ចេញពីទិញថ្នាំញៀន ជួបសមត្ថកិច្ចល្បាត ព្យាយាមបើករត់កាត់អស់៣ខណ្ឌ ទើបចាប់ក្របួចបាន

ភ្នំពេញ: កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ មានករណីជនសង្ស័យចំនួន ២នាក់ បានជិះដឹកគ្នាមកទិញគ្រឿងញៀន យកទៅជក់ ស្រាប់តែជួបសមត្ថកិច្ចអន្តរាគមន៍ខណ្ឌសែនសុខ កំពុងល្បាត ត្រង់ចំណុចខាងមុខមន្ទីរពេទ្យព្រះកុសុម: តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ព្យាយាមបើកម៉ូតូរត់គេចខ្លួន ក៏ត្រូវសមត្ថកិច្ចជិះដេញតាមពីក្រោយ។

ជនសង្ស័យទី១ឈ្មោះ ខែម ខៃ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិព្រៃសង្គម ឃុំច្រេះ ស្រុកមេសាង ខេត្តព្រៃវែង និងទី២ឈ្មោះ ប៊ែត សំបូរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិសំពណ៌ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង។

ដំណើររឿង៖ មុនកើតហេតុ កម្លាំងសមត្ថកិច្ច បានជិះម៉ូតូល្បាត ក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ។ លុះមកដល់ចំណុចខាងលើ ក៏ប្រទះឃើញជនសង្ស័យទាំង ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយស័រគីលែត ពណ៌ក្រហម ពាក់ផ្លាកលេខ ព្រៃវែង1O-6107 មានការសង្ស័យ សមត្ថកិច្ចបានហៅឲ្យឈប់ ដើម្បីធ្វើការឆែកឆេរត្រួតពិនិត្យ។

ខណ:នោះជនសង្ស័យ បានធ្លាក់ម៉ូតូរបស់សមត្ថកិច្ច រួចព្យាយាមជិះរត់គេចខ្លួន តែត្រូវកម្លាំងសមត្ថកិច្ច ជិះដេញតាមពីក្រោយ។ ដោយជនសង្ស័យ បានជិះម៉ូតូរត់គេចឆ្លងចូលទៅខណ្ឌទួលគោក ខណ្ឌឬស្សីកែវ បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច ចេញមកជួយចាំស្ទាក់ចាប់។ បន្ទាប់មកជនសង្ស័យ ក៏ជិះរត់បន្តឆ្លងចូលទៅខណ្ឌដូនពេញ តាមបណ្ដោយផ្លូវលេខ១៣ ក្នុងទិសដៅពីជើងទៅត្បូង ជាមួយល្បឿយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកពីក្រោយម៉ូតូចំនួន ២គ្រឿង មួយគ្រឿងម៉ាកZOOMER-Xពណ៌សលាយទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ1GW-8281 បើកបរដោយបុរសម្នាក់ បណ្តាលឲ្យរងរបួសស្រាល និង១គ្រឿងទៀត ម៉ាកសងប៉ិច ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1BF-5219 បើកបរដោយបុរសម្នាក់ របួសស្រាល។

ចំណែកម៉ូតូជនសង្ស័យ បានខូចខាតយ៉ាងដំណំ រីឯជនសង្ស័យទាំង ២ក៏ត្រូវបានសមត្ថកិច្ច ចាប់ក្របួចភ្លាមៗតែម្ដង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង ២នាក់ បានសារភាពថា ពួកគេទើបតែមកពីលេងផ្ទះម្តាយ នៅឯភ្នំពេញបំណង់ត្រឡប់ទៅផ្ទះ នៅឯខេត្តព្រៃវែងវិញ ហើយក៏ឆ្លៀតនាំគ្នាទៅទិញគ្រឿងញៀន នៅម្តុំបឹងឈូកបានចំនួន ៤ម៉ឺនរៀល។ ប៉ុន្តែទិញយកទៅមិនទាន់បានជក់ផង ក៏ត្រូវសមត្ថកិច្ចស្ទាក់ចាប់តែម្ដង ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវសមត្ថកិច្ចយកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់