ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូបុកគោយន្តកន្ត្រៃដឹកដំឡូងមី ឈប់ចតលើទ្រូងផ្លូវដោយគ្មានភ្លើងសញ្ញាពីក្រោយបាក់ជើងទាំង២

បន្ទាយមានជ័យ: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសម្នាក់បានបាក់ជើងទាំងសងខាងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បើកម៉ូតូបុកគោយន្តកន្ត្រៃដឹកដំឡូងមីពីក្រោយ ដែលឈប់ចតលើទ្រូងផ្លូវ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ ៥៨ A ត្រង់ចំណុចភូមិចម្ការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ៖ ជនរងគ្រោះអ្នកបើកបរម៉ូតូឈ្មោះ នឿន ក្លី ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិចម្ការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាកហុងដាវេវ ពណ៌ក្រហម-ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1L 7132 ។ចំណែកអ្នកបើកបរគោយន្តកន្ត្រៃឈ្មោះ ចេន អន ភេទប្រុស អាយុ៤៧ឆ្នាំ មានទីនៅភូមិល្បើកស្វាយ ឃុំស្វាយយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកអធិការបានបញ្ជាក់ថា ៖ មុនពេលកើតហេតុមានគោយន្តកន្ត្រៃ០១គ្រឿងមានដឹកដើមដំឡូងមីបើកបរពីទិសខាងជើងទៅត្បូង ពេលបើកមកដល់ចំណុចកើតហេតុ ក្នុងភូមិចម្ការគ ឃុំស្វាយចេក បានឈប់នៅលើទ្រូងផ្លូវ ដោយមិនបានដាក់ភ្លើងបំភ្លឺពីក្រោយជាសញ្ញាសម្គាល់ ស្របពេលនោះអ្នកបើកបរម៉ូតូ ដែលមានល្បឿនលឿនជាចំណុចផ្លូវកោង បានបើកទៅបុកពីក្រោយគោយន្តចំពេញទំហឹងបណ្តាលឲ្យជនរងគ្រោះអ្នកបើកម៉ូតូបាក់ជើងទាំ២ ត្រូវបានដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ។
បច្ចុប្បន្នវត្ថុតាងម៉ូតូ គោយន្តកម្លាំងនគរបាលជំនាញចរាចរណ៍ស្រុកយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក បន្ទាប់ពីធ្វើការត្រួតពិនិត្យរួច ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕

 

មតិយោបល់