សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ស្នាក់ការសង្កាត់រដ្ឋព្រៃឈើមួយកន្លែង ស្ថិតនៅភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញទាំងស្រុង ដោយសារអ្នកប្រចាំការដុតភ្លើងដាំបាយរួចពុំបានពន្លត់ បណ្តាលឲ្យរាលឆេះតែម្តង ។ ហេតុការណ៍នេះកើតឡើងវេលាម៉ោង២ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ។
លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរង ទទួលការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និង សង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះបណ្ដាលឲ្យរងការខូចខាតស្នាក់ការរដ្ឋបាលព្រៃឈើទំហំ៦ម៉ែត្រ x ៧ម៉ែត្រ កម្ពស់៤ម៉ែត្រ ក្រាលក្តារ ជញ្ជាំងក្តារដំបូលប្រក់សង្ក័សី (ខូចខាតទាំងស្រុង)។ កៅអីឈើតុក្តតាចំនួន០៥ តុឈើចំនួន២ ទូដាក់ឯកសារចំនួន០១ សម្លៀកបំពាក់ ចានឆ្នាំង និងសម្ភារៈ ប្រើប្រាស់មួយចំនួនខូចខាតទាំងស្រុង ។
លោកឧត្តមសេនីយ៍បន្តថា ក្នុងហេតុការណ៍នេះមានការជួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកអង្គរធំចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ។ លោកបញ្ជាក់ថា ចម្ងាយពីអធិការដ្ឋាននគរបាលស្រុកអង្គរធំទៅកន្លែងកើតហេតុប្រហែល៤គីឡូម៉ែត្រ ៕
មតិយោបល់