ព័ត៌មានជាតិ

រដ្ឋបាលសង្កាត់ចោមចៅទី៣ដឹកនាំកម្លាំងចុះរុះរេីសំយ៉ាបនិងផ្ទះបាយដែលសាងសង់រំលោភលេីផ្លូវក្រោយពីមិនស្តាប់ការណែនាំ

ភ្នំពេញៈ ផ្លូវឌឿងហែម១ខ្សែស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានប្រជាពលរដ្ឋជាង២០គ្រួសារ សង់ផ្ទះបាយ សំយ៉ាបនិងរបងបិទ រំលោភយកដោយខ្វះការពិចារណា។ បង្កការក្ដៅក្រហាយដល់អ្នកដ៏ទៃនោះត្រូវបានអាជ្ញាធរសង្កាត់ចោមចៅទី៣លោកវ៉ាសាវឿន ចៅសង្កាត់ទី៣ រួមជាមួយលោកសុទ្ធ សុជាតិ និងលោកអុឹម វណ្ណា ដែលជាចៅសង្កាត់រង បានដឹកនាំកម្លាំងចុះទៅធ្វើការវាយរុះរើកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ដើម្បីបើកផ្លូវនោះឡើងវិញ។

អាជ្ញាធរសង្កាត់ទី៣បាននិយាយថា ផ្លូវឌឿងហែម១ខ្សែខាងលើនេះមានប្រវែងជិត១០០ម៉ែត្រនិងទទឹងប្រហែល៣ម៉ែត្រដែលអាចជិះម៉ូតូចៀសគ្នាបាន ហើយក៏ជាផ្លូវសំខាន់មួយផងដែរសម្រាប់ប្រជាពលរដ្ឋរាប់សិបគ្រួសារនៅតំបន់នោះធ្វើដំណើរ ចេញនិងចូល។ប៉ុន្តពេលនេះផ្លូវត្រូវបានមនុស្សជាង២០គ្រួសាររំលោភយកទាំងស្រុងដោយការសាងសង់ផ្ទះបាយ ឬសំយ៉ាបផ្សេងៗ
ហើយបានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតមានការខឹងសម្បារ។ព្រោះតែពិបាកក្នុងការធ្វើដំណើរដែលសូម្បីតែថ្មើរជើងក៏ពិបាកដែរ ពួកគាត់តែងតែរអ៊ូរទាំនិងរាយការណ៍សុំការអន្តរាគមន៍ពីអាជ្ញាធរភូមិនិងសង្កាត់ដើម្បីបើកផ្លូវឡើងវិញ។ព្រោះមិនអាចទុកឲ្យនៅបែបនេះបានឡើយ ដោយអាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋដែលមិនរំលោភផ្លូវជាច្រើនគ្រួសារទៀតមានការព្រួយបារម្ភខ្លាចកើតមានគ្រោះមហន្តរាយផ្សេងៗពិបាកក្នុងការជួយសង្រ្គោះមិនបានទាន់ពេល។

ប្រភពដដែលបានបន្តទៀតថា ក្រោយមកលោក វ៉ាសាវឿន ចៅសង្កាត់ចោមចៅទី៣បានឲ្យមន្រ្តីក្រោមឱវាទជូនដំណឹងដល់ពួកគាត់ឲ្យធ្វើការរុះរើចេញជាបន្ទាន់ដោយខ្លួនឯង ប៉ុន្តែពួកម្ចាស់ផ្ទះទាំងនោះមិនព្រមសោះទើបនៅវេលាម៉ោង៣រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ដើម្បីបើកផ្លូវ ខណៈនោះបន្ទាប់ពីវាយបានមួយចំនួន ម្ចាស់ផ្ទះទាំងនេះបានសំណូមពរថា ចាំពួកគាត់វាយរុះរើចេញវិញដោយខ្លួនឯង ទើបពេលនោះអាជ្ញាធរបានដកកម្លាំងចេញវិញនិងរង់ចាំឲ្យម្ចាស់ផ្ទះទាំងអស់រុះរើតាមការសន្យា៕

 

 

 

មតិយោបល់