ភ្នំពេញៈ ស្ត្រីរូបស្រស់ម្នាក់ បើកបររថយន្តម៉ាស័រដា CX-5 មួយគ្រឿងបោះពួយយ៉ាងលឿន បានងោកមួយផាំង ក៏រេចង្កូតជ្រុលបុកខឿន តាមចិញ្ចើមផ្លូវក្នុងស្ពានអាកាស៧មករា បណ្តាលឲ្យរថយន្តដាច់ក្រឡេកង់ ទៅមុខលែងរួច។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចខាងក្រោមស្ពានអាកាស៧មករា តាមបណ្ដោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចចរាចរណ៍ផ្លូវគោក ដែលប្រចាំការនៅគោលដៅខាងក្រោមស្ពានអាកាស៧មករា បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាក ម៉ាស័រដា CX-5 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AG-3564 បើកបរដោយស្ត្រីរូបស្រស់ម្នាក់ ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវ៥៩៨ ក្នុងល្បឿនយ៉ាងលឿន។
លុះដល់ចំណុចកើតហេតុ ស្រាប់តែអ្នកបើកបររថយន្ត បានងោកមួយផាំង ក៏រេចង្កូតទៅខាងស្ដាំ ជ្រុលទៅបុកនិងខឿន តាមចិញ្ចើមផ្លូវខាងក្រោមស្ពានអាកាស៧មករាចំពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតបែកកាង និងដាក់ក្រឡេកង់ខាងមុខចំហៀងខាងស្តាំទៅមុខលែងរួច ចំណែកឯខឿននៅខាងក្រោមស្ពានអាកាស៧មករា បានរងការខូចខាតឆ្កូតបេតុងបន្តិចបន្តួចប៉ុណ្ណោះ។
ក្រោយកើតហេតុ ដោយសាររថយន្តបង្ក មិនបង្កការខូចខាតអ្វីធ្ងន់ធ្ងរដល់សម្បត្តិសាធារណៈ ទើបសមត្ថកិច្ច ព្រមឲ្យម្ចាស់រថយន្ត ទាក់ទងហៅរថយន្តស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង៕
មតិយោបល់