ព័ត៌មានជាតិ

បើស្រវឹង សូមកុំបើកបរ នាំគ្រោះថ្នាក់! ស្ត្រីម្នាក់ បើករថយន្តបត់បំពានភ្លើងសញ្ញាចរាចរណ៍ បង្កឲ្យរថយន្ត២គ្រឿងទៀត បុកគ្នារងការខូចខាត

ភ្នំពេញៈ ស្ត្រីម្នាក់ ស្រវឹងស្រា បានបើករថយន្ត១គ្រឿង បត់ឆ្វេងឆ្លងស្តុបទាំងបំពានភ្លើងសញ្ញាចរាចរណ៍ បណ្ដាលឲ្យរថយន្ត២គ្រឿងផ្សេងទៀត ដែលបើកឆ្លងស្តុបតាមភ្លើងអទិភាពអក់ហ្សើ ជាន់ហ្វ្រាំងមិនទាន់ក៏បុកគូទគ្នា រងការខូចខាត។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចស្តុបពេទផន តាមបណ្ដោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរស២នាក់ បើករថយន្ត១គ្រឿង ម៉ាកលុចស៊ីសNX200t ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BC-7225 ធ្វើដំណើរពីកើតទៅលិចតាមបណ្ដោយផ្លូវ១៨២។

លុះមកដល់ចំណុចស្តុបកើតហេតុ ដែលជាភ្លើងអទិភាពរថយន្តខាងលើ បានបើកឆ្លងកាត់ស្តុប បើកពីផ្លូវម៉ៅសេទុងឆ្ពោះទៅមុខ។ ស្របពេលនោះ ស្រាប់តែមានរថយន្ត១គ្រឿងទៀត ម៉ាកលុចស៊ីសNX200t ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AU-4477 បើកបរដោយស្ត្រីម្នាក់ ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរតាមបណ្ដោយផ្លូវ១៨២ ក្នុងទិសដៅបញ្រ្ចាសគ្នា ហើយបានបត់ឆ្វេងឆ្លងស្តុប ទៅផ្លូវម៉ៅសេទុងទាំងបំពានភ្លើងសញ្ញាចរាចរណ៍ កាត់ពីមុខរថយន្តលុចស៊ីស ពណ៌ខ្មៅខាងលើ។ ខណៈនោះ រថយន្តលុចស៊ីស ពណ៌ខ្មៅ បានអក់ហ្សើក៏ជាន់ហ្វ្រាំងបន្ថយល្បឿន ស្របពេលជាមួយគ្នានោះ ក៏មានរថយន្តមួយគ្រឿងទៀត ម៉ាក CHEVROLET ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ រដ្ឋ132-0585 បើកបរដោយបុរសម្នាក់ មកពីក្រោយស្របទិសគ្នា មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តលុចស៊ីស ពណ៌ខ្មៅចំផ្នែកខាងក្រោយចំហៀងខាងស្តាំ បណ្តាលឲ្យក្រពឹតរងការខូចខាត។ ចំណែកឯរថយន្តCHEVROLET បានរងការខូចខាតក្រពឹតកាងផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំ។

បន្ទប់មកម្ចាស់រថយន្តទាំងបីគ្រឿងខាងលើ ក៏បានចុះពីលើរថយន្ត ហើយចរចាគ្នា យ៉ាងរឹតសសៃក។

ក្រោយកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះមកវាស់វែង យករថយន្តទាំង៣គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់៕

មតិយោបល់