ព័ត៌មានជាតិ

ឆក់កាបូបលុយបានសម្រេច ដេញចាប់បានម្នាក់ រត់រួច២នាក់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកគ្នា ៣នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋស្វាគមន៍ឡើងទ្រោមខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបលុយបានសម្រេចពីស្ត្រីម្នាក់កំពុងជិះកង់ តែរត់មិនរួច រីឯជនសង្ស័យ២នាក់ទៀតបានរត់គេចទៅបាត់ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងបុរីញ៉ូហូម ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យចាប់បានម្នាក់ ឈ្មោះ ឈុន សាវុធ ភេទប្រុស អាយុ១៨ឆ្នាំ មខរបរដើរឆក់ លួច មានទីលំនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ។ ចំណែកជនរងគ្រោះឈ្មោះ សូ សុផា ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅ កន្លែងកើតហេតុ ។ នៅក្នុងកាបូបមានលុយតែ ៧ម៉ឺនរៀល យកបានពីជនសង្ស័យមកវិញ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យគ្នា ៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកBeat ពណ៌ខៀវទៅធ្វើសកម្មភាពឆក់កាបូបលុយ ពីស្ត្រីកំពុងជិះកង់ នៅក្នុងបុរីញ៉ូហូម ភូមិត្រពាំងថ្លឹង១ បានសម្រេច ស្រែកផ្អើលឆោឡោ ពលរដ្ឋជួយចាប់ ទាញធ្លាក់ជនសង្ស័យបានម្នាក់ យកកាបូបលុយបានមកវិញ ចំណែក២នាក់ទៀត បើកម៉ូតូគេចខ្លួនបាត់ ។

ក្រោយពីចាប់ខ្លួនជនសង្ស័យបានម្នាក់ នគរបាលជំនាញខណ្ឌ ប៉ុស្តិ៍ នាំជនសង្ស័យតាមស្វែងរកបក្ខពួក តែមិនឃើញ ឃាត់បានយុវជន៣នាក់ផ្សេងទៀត នគរបាលនាំទៅសាកសួរនៅប៉ុស្តិ៍៕

មតិយោបល់