ព័ត៌មានជាតិ

នោះៗ ស្ពៃបូកគោ ផ្កាខាត់ណា ពោតបារាំង ក្រូចឆ្មារតូច ផ្កាគូឆាយ និងផ្លែល្ពៅ ត្រូវមន្ត្រីជំនាញ រកឃើញមានសារធាតុគីមីពុលពីបរទេស

កណ្តាលៈ នៅថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នេះ បន្ទាប់ពីទទួលបានការស្នើសុំកិច្ចសហការពីសាខាគយ និងរដ្ឋាករកម្ពុជា ខេត្តកណ្តាល មន្ត្រីសាខា ក.ប.ប ខេត្តកណ្តាល បាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋាន ក.ប.ប សហការគ្នាត្រួតពិនិត្យការនាំចូលបន្លែ ដែលមានសារធាតុគីមីពុលពីបរទេសចូលមកព្រះរាជាណាចក្រកម្ពុជា ដែលនាំចូលតាមមាត់ច្រកទ្វាអន្តរជាតិជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល។

ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូបន្លែ ២២ គំរូ រួមមាន៖ ស្ពៃក្តោប ត្រសក់ ស្ពៃបូកគោ ត្រប់វែង ប៉េងប៉ោះ ផ្កាខាត់ណា ពោតបារាំង ផ្កាស្នោ ក្រូចឆ្មារ ឃ្លោក ផ្លែម្រះ ម្ទេស ត្រប់ស្រួច ផ្លែល្ពៅ ននោង សណ្តែកបារាំង ស្ទឹកខ្ទឹម ម្ទេសប្លោក ផ្កាគូឆាយ និងផ្កាឡៃហៀង ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញបន្លែរួមមាន៖ ស្ពៃបូកគោ ផ្កាខាត់ណា ពោតបារាំង ក្រូចឆ្មាតូច ផ្កាគូឆាយ និងផ្លែល្ពៅ ដែលមានផ្ទុកសំណល់ថ្នាំសំលាប់សត្វល្អិត។ បន្ទាប់មកមន្ត្រីសាខាបានធ្វើកំណត់ហេតុដកហូតដើម្បីធ្វើការកម្ទេច ចោល និងបានណែនាំឲ្យអាជីវករខាងលើធ្វើកិច្ចសន្យាបញ្ឈប់ការនាំចូល ម្ហូបអាហារ បន្លែ ផ្លែឈើ ណាដែលមានផ្ទុកសារធាតុគីមីហាមឃាត់បន្តទៀត៕

មតិយោបល់