ភ្នំពេញៈ នៅវេលាម៉ោង០៨និង២២នាទីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ មានករណីយុវជនម្នាក់ ជាកម្មករបើកម៉ូតូសណ្តោងរ៉ឺម៉ក ដឹកថ្មម៉ាប បើកលឿនគេចពីរថយន្ត ទិសដៅបញ្ច្រាសគ្នា បានជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យបាក់កស្លាប់មួយរំពេច ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ យន សារ៉េត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ ជាកម្មករដឹកថ្មម៉ាប មានទីលំនៅភូមិព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ ស្នាក់នៅធ្វើការក្នុងឃ្លាំងម្តុំស្ពានលេខ២ សង្កាត់ព្រែកលៀប ។
ដំណើររឿង៖ នៅមុនពេលកើតហេតុ មានយុវជនម្នាក់ជាកម្មករស៊ីឈ្នួលបើកម៉ូតូសណ្តោងរ៉ឺម៉កដឹកថ្មម៉ាប ដោយធ្វើដំណើរចេញពីស្ពានលេខ២ ឆ្ពោះទៅព្រែកអញ្ជាញ ស្រុកមុខកំពូល ខេត្តកណ្តាល តាមបណ្តោយផ្លូវជាតិលេខ៦ លុះដល់ចំណុចកើតហេតុ ផ្លូវបែកជាបួន ស្រាប់តែមានរថយន្ត សាំយ៉ុង មួយគ្រឿង មិនស្គាល់ម៉ាកទិសដៅបញ្ច្រាសគ្នា បានបត់ឆ្វេង ស្របគ្នាពេលនោះ ក៏មានម៉ូតូមួយគ្រឿងទៀត ជិះចេញពីផ្លូវលំឡើងលើផ្លូវជាតិ បណ្តាលឲ្យយុវជនរងគ្រោះ បើកម៉ូតូសណ្តោងរ៉ឺម៉កគេចក៏ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋបាក់កស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។
ក្រោយកើហេតុ សមត្ថកិច្ចចុះដល់ទីតាំងខាងលើ ដើម្បីពិនិត្យសាកសព និងវាស់វែងធ្វើកំណត់ហេតុ រួចបានទាក់ទងទៅសាច់ញាតិយកសពជនរងគ្រោះ ទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់