ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយ រថយន្តសណ្តោងទូកុងតៃន័របុករថយន្តកូរ៉ូឡាអូសជិត ១០ម៉ែត្រ បណ្តាលឲ្យខូចខាតមួយចំហៀង កាលពីវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវវិមាន ឈ្នះ ឈ្នះ ក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងមានរថយន្តកូរូឡា ពណ៌ស្ករ ពាក់ផ្លាកលេខ កំពត 2B-1256 បើកបរក្នុងទិសដៅពីជើងទៅត្បូង រហូតមកដល់ចំណុចកើតហេតុ ខណៈពេលដែលកំពុងបើកបរសុខៗ ស្រាប់តែមានរថយន្តសណ្តោងទូកុងតាន័រមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ3E-3774 ដែលមានឡូហ្គូ L.M.H ដឹកជញ្ជូន និងមានបាំងវាំងនន ស្ទើរតែពេញនៅក្នុងកាប៊ីនរថយន្ត ធ្វើដំណើរស្របទិសមកពីក្រោយមកបុកយ៉ាងពេញទំហឹង បណ្តាលឲ្យអូសប្រហែល ១០ម៉ែត្រ បណ្តាលឲ្យរថយន្តកូរូឡាខូចខាតស្ទើរតែពេញមួយចំហៀងសំណាងអ្នកបើកបរមិនមានគ្រោះថ្នាក់។
ក្រោយកើតហេតុអ្នកបើកបររថយន្តកុងតឺន័រ ចុះរត់គេចខ្លួនបាត់ ទុកឲ្យតំណាងមកដោះស្រាយ។
បន្ទាប់ពីមានវត្តមានសមត្ថកិច្ច មកជួយសម្របសម្រួលនៅទីតាំងកន្លែងកើតហេតុ ទើបតំណាងរថយន្តបង្កព្រមចេញថ្លៃជួសជុលឲ្យ រថយន្តកូរ៉ូឡា ដើម្បីបញ្ចប់រឿងនៅទីតាំងកន្លែងកើហេតុតែម្តង៕
មតិយោបល់