ព័ត៌មានជាតិ

អ្នកញៀនល្បែង ជល់មាន់ និងអាប៉ោង ១៤នាក់ ត្រូវសមត្ថកិច្ច​ជំនាញបង្រ្កាប នៅស្រុក​កងមាស

កំពង់ចាមៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា​ នៅថ្ងៃសៅរ៍ ៨រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១១ និង៣០នាទី បន្ទាប់ពីទទួលបានពត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន ឋានៈ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយ កម្លាំង​ជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកងមាស និងអាជ្ញាធរមូលដ្ឋាន​ និងមានការ​សម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបករណី លួចល្បែង ស៊ីសងខុសច្បាប់ ជល់មាន់​ និងអាប៉ោងដាក់ប្រាក់ នៅចំណុចភូមិស្វាយស្រណោះទី១ ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម ។

ជាលទ្ធផលសមត្ថកិច្ចយើង​ បានបង្រ្កាបនិងធ្វើការឃាត់ខ្លួនបានមុខសញ្ញាចំនួន១៤នាក់​និងដកហូតវត្ថុតាងរួមមាន៖
១-ទូរស័ទ្ទដៃចំនួន១០គ្រឿង
២-ម៉ូតូចំនួន៣៥គ្រឿង
៣-ចានអាប៉ោងចំនួន០១
​ ៤-កន្រ្តក់មាន់ចំនួន០៤
​ ៥-ផ្តិលជ័រចំនួន០១
​ ៦-ហាន់តោអាប៉ោង ចំនួន០១
​ ៧-មាន់ចំនួន០៤ក្បាល
​ ៨-កន្ធន់ជ័រចំនួន០១
​ ៩-ជញ្ចឹងថ្លឹងមាន់ចំនួន០១
​ ១០-ស្កុតរុំនិងខ្នាយដែកមួយចំនួន
​ ១១-កញ្ចក់បាំងមាន់ចំនួន០១
១២-ប្រាក់រៀលចំនួន៤,៥០០,០០០រៀល(បួនលានប្រាំសែនរៀល)

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕

មតិយោបល់