ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តដឹកមេស៊ីម៉ងត៍ បុកម៉ូតូកង់បី ជាប់ក្រោមកង់ កិនអូសជាង២០០ម៉ែត្រ បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់

ភ្នំពេញៈ កាលពីវេលាម៉ោង ៩និង៤៥នាទីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវភ្នំពេញហាណូយ កែងផ្លូវឧកញ៉ាម៉ុងរិទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់។

ជនរងគ្រោះទី១ឈ្មោះ ម៉ម សៅ ភេទប្រុស អាយុ៤៩ឆ្នាំ ជាអ្នកបើកបរម៉ូតូកង់បីឥណ្ឌា ពាក់ផ្លាកលេខ តាកែវ 1T-0003 មានស្រុកកំណើតខេត្តតាកែវ។ ជនរងគ្រោះទី២ ជាភ្ញៀវជិះកង់បីឥណ្ឌា មានឈ្មោះ មាស ស៊ាងលី ភេទស្រី អាយុ២៥ឆ្នាំ រស់នៅខណ្ឌព្រែកព្នៅ។

ចំណែកអ្នកបើករថយន្តបង្ក ភេទប្រុស មិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានឃាត់ខ្លួន បើករថយន្តប្រភេទដឹកមេស៊ីម៉ងត៍ ក្បាលពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3A-3667។

ដំណើររឿង៖ ដំបូងទ្បើយគេឃើញបុរសម្នាក់ បើកម៉ូតូកង់បី ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវភ្នំពេញហាណូយ។ លុះមកដល់ចំណុចកើតហេតុ បានឈប់ពីក្រោយ រថយន្តមួយគ្រឿង ម៉ាកហ៊ីលុច រីវ៉ូ រង់ចាំភ្លើងស្តុប ។ ខណៈនោះ ស្រាប់តែរថយន្តបង្កបើកមកពីក្រោយ ក្នុងល្បឿនលឿន បានបុកម៉ូតូកង់បីពីក្រោយពេញទំហឹង រួចរុញទៅផ្ទប់នឹងគូទរថយន្ត ហ៊ីលុច រីវ៉ូ បណ្ដាលឲ្យរថយន្ត ហ៊ីលុច រីវ៉ូ វិលមួយជុំ ទៅប៉ះនឹងរថយន្ត តូយូតាព្រូស មួយគ្រឿងទៀត រងការខូចខាត។

ភ្លាមៗនោះ រថយន្តបង្ក មិនព្រមឈប់ទទួលខុសត្រូវទ្បើយ បានបន្ថែមល្បឿនព្យាយាមបើករត់ ទាំងម៉ូតូកង់បី ជាប់នៅក្រោមរថយន្ត កិនអូសជាង២០០ម៉ែត្រ បណ្ដាលឲ្យអ្នកបើកម៉ូតូកង់បី និងស្រ្តីម្នាក់ ដែលរួមដំណើរ បាត់បង់ជីវិតទាំង២នាក់តែម្ដង។

ក្រោយកើតហេតុ តៃកុងរថយន្តបង្ក ត្រូវសមត្ថកិច្ចឃាត់ ចំណែកវត្ថុតាង បន្ទាប់ពីវាស់វែងរួច សមត្ថកិច្ច យកទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់។ ដោយទ្បែកសពជនរងគ្រោះ បានដឹកយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់