ព័ត៌មានជាតិ

ករណីហិង្សាកម្លាំងស៊ីវិលវ៉ៃយុជនម្នាក់ បណ្តាលឲ្យរបួសហើមមុខម្ខាង

ភ្នំពេញ: យុវជនម្នាក់ ត្រូវបានកម្លាំងស៊ីវិលមួយក្រុម វាយបណ្តាលឲ្យរងរបួសហើមមុខមួយចំហៀង រួចហើយគំរាមដកកាំភ្លើងបាញ់ថែមទៀត ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង ១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ១៧៤ ត្រង់ចំណុចមុខប៉ុស្តិ៍ផ្សារថ្មី៣ ខណ្ឌដូនពេញ។

ជនរងគ្រោះឈ្មោះ ងែត ឡុងហេង ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរធ្វើនៅសណ្ឋាគារ
ស្នាក់នៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញយុវជនម្នាក់ កំពុងតែអង្គុយផឹកជាមួយមិត្តភិក្ដិ នៅលើផ្លូវ១៧២ មួយសន្ទុះក្រោយមក ស្រាប់តែមានកម្លាំងស៊ីវិលមួយក្រុមមានគ្នាច្រើន បានចុះទៅចាប់ជនជាតិបរទេស
ម្នាក់ ដែលមិនស្គាល់អត្តសញ្ញាណ។ ភ្លាមៗនោះមិត្តភិក្ដជនរងគ្រោះ បានដកទូរស័ព្ទដៃមកថតរូប ស្រាប់តែកម្លាំងស៊ីវិល បានធ្វើការហាមឃាត់ជនរងគ្រោះ មិនឲ្យថតរូប និងវ៉ៃទៅលើជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះ ភ័យស្លុនស្លោកពេក ក៏រត់ទៅផ្លូវ១៧៤ ចូលផ្ទះឲ្យគេជួយ រួចហើយក្រុមជនស៊ីវិល បានរត់ទៅវ៉ៃជនរងគ្រោះដល់ក្នុងផ្ទះទៀត ហើយគំរាមបាញ់អ្នកដែលជួយជនរងគ្រោះទៀត ធ្វើឲ្យជនរងគ្រោះរងរបួសហើមមុខហើមមាត់មួយចំហៀង។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារថ្មីទី៣ ដើម្បីឲ្យសមត្ថកិច្ចរកខុសត្រូវឲ្យ៕

មតិយោបល់