ភ្នំពេញៈ សាកសពស្ត្រីម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួល មានសភាពហើមស្អុយទៅហើយ សង្ស័យប្តីវាយរហូតដល់ស្លាប់ តែគ្មានអ្នកណាដឹង ដោយមានចាក់សោពីក្រៅ ទើបរហូតដល់ហើមស្អុយ ទ្រាំលែងបាន ម្ចាស់ផ្ទះទៅគាស់បង្ហើបមើល ទើបដឹងថាមានសាកសពមនុស្ស បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅបន្ទប់ជួល ក្នុងភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សពខាងលើមានឈ្មោះ ហេង សុខខឿន ភេទស្រី អាយុ៤៥ឆ្នាំ ទើបមកស្នាក់នៅបន្ទប់ខាងលើបាន៧ថ្ងៃ មានស្រុកកំណើត នៅភូមិជ្រួល ឃុំបាល័ង្គ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ហើយមានប្តីក្រោយម្នាក់ទៀត អស់រយៈពេលជាង៣ឆ្នាំមកហើយ មានឈ្មោះ ពេជ្រ ចាន់ថា អាយុ៤៣ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើតនៅខេត្តស្វាយរៀង បានរត់គេចខ្លួនបាត់ ។
តាមសម្តីស្ត្រីជាម្ចាស់ផ្ទះ ឈ្មោះ ស រ៉េត អាយុ៧៨ឆ្នាំ បានឲ្យដឹងថា បន្ទប់ជួលរបស់ស្ត្រីខាងលើ ឃើញចាក់សោ៣ថ្ងៃមកហើយ រហូតមកដល់ព្រឹកថ្ងៃទី១៦ ខែមិថុនា នេះធុំក្លិនស្អុយពេក ទ្រាំលែងបាន នាំគ្នាហៅ តែគ្មានអ្នកឆ្លើយ រហូតដល់គាស់បើកបង្ហើបទ្វារ ទើបដឹងថាស្ត្រីខាងលើស្លាប់ក្នុងបន្ទប់ មានសភាពហើមស្អុយ ទើបរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច ។
ករណីខាងលើនេះ ដាក់ការសង្ស័យ ប្តីវាយរហូតដល់ស្លាប់ក្នុងបន្ទប់ ចាក់សោពីក្រៅ ហើយទៅស្នាក់នៅកន្លែងផ្សេង ឥឡូវបានគេចខ្លួនបាត់ ។
ក្រោយពីមានការភ្ញាក់ផ្អើល ប្រទះឃើញមនុស្សស្លាប់ក្នុងបន្ទប់ជួល សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ សាកសួរ ដល់ទីតាំងកើតហេតុ មិនទាន់ធ្វើការសន្និដ្ឋានថា ស្លាប់ដោយសារអ្វីនៅឡើយទេ ខណៈដែលប្តីស្ត្រីខាងលើ បានគេចខ្លួនបាត់ ហើយរង់ចាំជំនាញធ្វើកោសល្យវិច័យជាមុនសិន មុននឹងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់