(Reuters) - កាលពីថ្ងៃសៅរ៍ ការវាយប្រហារមេរោគ ransomware តាមប្រព័ន្ធ បច្ចេកវិទ្យាដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្របានរីករាលដាលពាសពេញពិភពលោក ដោយបង្ខំឲ្យហាងលក់គ្រឿងទេស Coop របស់ស៊ុយអែតបិទហាងទាំង ៨០០កន្លែង របស់ខ្លួន ព្រោះមិនអាចប្រតិបត្តិការចុះឈ្មោះសាច់ប្រាក់បាន។
ការបិទហាងលក់រាយអាហារធំៗ បានកើតឡើងបន្ទាប់ពីការវាយប្រហារដ៏ស្មុគស្មាញមួយនៅថ្ងៃសុក្រ ទៅលើក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យាអាមេរិក Kaseya ។ ពួកឧក្រិដ្ឋជនចាប់ជំរិតតាមប្រព័ន្ធបច្ចេកវិទ្យាដែលត្រូវបានគេស្គាល់ថា REvil ត្រូវបានគេសង្ស័យថាបានលួចចូលទៅក្នុងកម្មវិធីរបស់ក្រុមហ៊ុន Kaseya VSA និងជំរុញឲ្យមានការធ្វើបច្ចុប្បន្នភាពក្នុងបំណងអាក្រក់ដែលប៉ះពាល់ដល់អ្នកផ្តល់ការគ្រប់គ្រងបច្ចេកវិទ្យាដែលកំពុងបម្រើអាជីវកម្មរាប់ពាន់។
កាលពីថ្ងៃសៅរ៍ក្រុមហ៊ុន Huntress Labs ជាក្រុមហ៊ុនដំបូងគេដែលប្រកាសអាសន្នពីរលកនៃការឆ្លងមេរោគនៅក្នុងកម្មវិធីផ្តល់សេវាសម្រាប់អតិថិជនបាននិយាយថា ក្រុមហ៊ុនតូចៗរាប់ពាន់អាចនឹងរងការវាយប្រហារផងដែរ។
ក្រុមហ៊ុន Kaseya ដែលមានមូលដ្ឋាននៅទីក្រុង Miami បាននិយាយថា ខ្លួនកំពុងធ្វើការជាមួយនគរបាល FBI ហើយអតិថិជនប្រមាណ ៤០ នាក់ប៉ុណ្ណោះដែលរងផលប៉ះពាល់ដោយផ្ទាល់។ ប៉ុន្តែមិនបានធ្វើអត្ថាធិប្បាយអំពីចំនួននៃអ្នកផ្តល់សេវាដែលបានចែកចាយកម្មវិធីដែលមានមេរោគនោះដល់អ្នកដទៃទេ។
កាលពីល្ងាចថ្ងៃសៅរ៍ នៅក្នុងសេចក្តីថ្លែងការណ៍មួយ FBI បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតក្នុងការសម្របសម្រួលជាមួយទីភ្នាក់ងារសន្តិសុខហេដ្ឋារចនាសម្ព័ន្ធ និងទីភ្នាក់ងារសន្តិសុខបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។
មតិយោបល់