ព័ត៌មានជាតិ

បុកគេហើយបើករត់មិនទទួលខុសត្រូវ តេហៅស័ក្តិ៤កន្លះ វាយមួយកាំភ្លើង នៅខណ្ឌសែនសុខ!..

ភ្នំពេញៈ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ស្រវឹង បើករថយន្តកាមរីបាឡែន ទៅបុករទេះលក់ប្រហិត ហើយមិនឈប់ទទួលខុសត្រូវ ហើយបើករថយន្តរត់គេច ពីមុខវត្តសំរោងអណ្តែត នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ចេញទៅដល់ កែងផ្លូវហាណូយ ជនរងគ្រោះដេញតាមទាន់ ស្រែកឲ្យគេជួយឃាត់បាន តែត្រូវបានភាគីខាងរថយន្តបង្ក ហៅបក្ខពួកជាមន្រ្តីយោធា ពាក់ស័ក្តិ៤កន្លះ បើករថយន្តព្រុសមកដល់ កើតជាប្រទូស្តរ៉ាយគ្នា ឈានដល់មន្រ្តីយោធារូបនោះ យកកាំភ្លើងខ្លីមកវាយចំសៀតផ្កាជនរងគ្រោះ បណ្តាលឲ្យបែកហូរឈាម សមត្ថកិច្ចចុះទៅអន្តរាគមន៍ ឃាត់នាំខ្លួនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ។

ជនរងគ្រោះឈ្មោះ យ៉ែម វណ្ណៈ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ប្រហិតតាមរទេះ ស្នាក់នៅផ្ទះជួលភូមិសង្កាត់កើតហេតុ មានស្រុកកំណើត ភូមិកំពង់លាវ ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង។ ចំណែកជនបង្កមិនស្គាល់ឈ្មោះ បើកបររថយន្តកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AB- 4119 រីឯជនបង្កដកកាំភ្លើងវាយលើជនរងគ្រោះ ជាមន្រ្តីយោធា មានឋានន្តរសក្តិ វរសេនីយ៍ទោ បើកបររថយន្តព្រុស ពណ៌ស។

បើតាមមន្រ្តីយោធារូបនោះ អះអាងថា ពេលដែល ពលរដ្ឋប្រទូស្តរ៉ាយជាមួយគាត់ ពលរដ្ឋ ជនរងគ្រោះ វាយទាំងរថយន្តគាត់បណ្តាលឲ្យបែកកញ្ចក់ ទើបគាត់សម្រេចចិត្ត ទាញកាំភ្លើងមក កាន់ខាងចុងកាណុង វាយលើជនរងគ្រោះតែម្តង។

ចំពោះករណីនេះ ជនទាំង២នាក់ត្រូវបានសមត្ថកិច្ចហៅនាំទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌសែនសុខ៕

មតិយោបល់