ព័ត៌មានជាតិ

កម្មករនេសាទ២នាក់ ទាស់ពាក្យសម្តីគ្នា ទាញកាំបិតប៉័ងតោកាប់ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់

កោះកុង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីសាគរ បានឃាត់ខ្លួនជនសង្ស័យម្នាក់ បានប្រើអំពើហិង្សាដោយប្រើអាវុធ (កាំបិតបុ័ងតោ) នៅចំណុចចុងភូមិ ស្ថិតក្នុងភូមិ-ឃុំ កោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២៣និង៤៥នាទី ។

តាមរបាយការណ៍បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចាន់ ម៉ៅ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទ មានស្រុកកំណើតនៅ ភូមិស្វាយព័ន្ធ ឃុំស្វាយព័ន្ធ ស្រុកកងមាស ខេត្តកំពង់ចាម ។ បច្ចុប្បន្នស្នាក់នៅបណ្តោះ អាសន្ន ភូមិ-ឃុំ កោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បានយកកាំបិតបុ័ងតោ កាប់ទៅលើ ជនរងគ្រោះ ឈ្មោះ តោ សាវុធ (ហៅតឿ) ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កម្មករនេសាទ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិអង្គាដី ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ បច្ចុប្បន្នស្នាក់នៅ ភូមិ-ឃុំ កោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ។

បណ្តាលឲ្យរងរបួសចំនួន៣កន្លែង៖ ១-ចង្កេះខាងឆ្វេង ០១កន្លែង ២-ស្មា ខាងឆ្វេង០១កន្លែង ៣-ខ្នង ខាងឆ្វេង០១កន្លែង ។

ចំពោះមូលហេតុ៖ បណ្តាលមកពីផឹកស្រាស្រវឹងទាស់ពាក្យសម្តីគ្នា ។

បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់