ពោធិ៍សាត់ៈ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងរវាងរថយន្តកាមរី និងរថយន្តលុចស៊ីស ធ្វើឲ្យមនុស្សជិះក្នុងរថយន្ត ៤នាក់ រងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង៣០នាទី នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២១៣-២១៤ ស្ថិតក្នុងភូមិដើមច្រេស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ មួយសន្ទុះក្រោយមកក៏មានរថយន្តម៉ាកកាមរីចង្កូតស្តាំ ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ បាត់ដំបង 2A-4550 បើកបរដោយឈ្មោះ ស៊ិន សឹកគី ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង បើកក្នុងទិសដៅពីកើតទៅលិចមកដល់ចំណុចខាងលើ រថយន្តនេះ បានវ៉ាជែងផុតទៅខាងឆ្វេងដៃវាក់អឺ និងរថយន្តម៉ាកលុចស៊ីស ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AS-5919 បើកបរដោយឈ្មោះ ណែម សុភ័ត្រ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បើកក្នុងទិសដៅពីលិចទៅកើត (ច្រាសទិសគ្នា) បុកយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកជិះក្នុងរថយន្តរងរបួសធ្ងន់ ៤នាក់ ។
ជនរងគ្រោះឈ្មោះ៖
១/ ឈ្មោះ វ៉ាត ម៉ារី ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិអូរស្ងួត ឃុំបន្ទាយមាស ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
២/ឈ្មោះ សា វី ភេទស្រី អាយុ ៥៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
៣/ឈ្មោះ វ៉ាត យ៉ាស្មីណា ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
៤/ឈ្មោះ ស៊ិន សំណាង ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ចំពោះអ្នកបើកបររថយន្តទាំងពីរនាក់ មិនមានរងរបួសនោះទេ ។
ករណីគ្រោះថ្នាក់នេះ បណ្តាលមកពីកត្តាបើកជែង។
ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ បញ្ជូនជនរងគ្រោះមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែខេត្តពោធិ៍សាត់ រីឯរថយន្តទាំងពីរគ្រឿង សមត្ថកិច្ចយកមករក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ ដើម្បីកសាងសំណុំរឿងចាត់ការដោះស្រាយទៅតាមនីតិវិធីច្បាប់៕
មតិយោបល់