បាត់ដំបងៈ នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២០អនុវត្តតាមបទ បញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាមតិដឹកនាំជំនាញរបស់លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាល ព្រហ្មទ័ណ្ឌ នៃស្នងការដ្ឋាន នាវេលាម៉ោង ៦និង០៥ នាទីភ្លឺនេះ នៅចំណុចភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រុមអន្តរាគមន៍បង្ការបង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលមានលោកវរសេនីយ៍ ទោ ឈឿង គឹមសុង ជានាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាលរួមគ្នាជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការបានចុះប្រត្តិបត្តិការបង្ក្រាបករណី (ប៉ុនប៉ងប្លន់យកទ្រព្យសម្បត្តិ) មិនបានសម្រេចដោយ (យកកាំបិតចាក់ទៅលើជនរងគ្រោះ) មួយករណីនិងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖
១-ឈ្មោះ ពៅ ថេវីន ហៅ ចេក ភេទប្រុស អាយុ១៨ ឆ្នាំមានទីលំនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ជាអ្នកធ្វើសកម្មភាពផ្ទាល់)។
២-ឈ្មោះ ស៊ុម រដ្ឋា ហៅ កែប ភេទប្រុស អាយុ២២ ឆ្នាំ មានទីលំនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង (ជាបក្សពួក)។
ដកហូតសម្ភារៈភស្តុតាងមាន៖
-ស្បែកជើងផ្ទាត់ពណ៌ខ្មៅមានខ្សែពណ៌លឿងចំនួន១គូរ
-កូនកាំបិតចិត្តបន្លែមានដងពណ៌លឿងចំនួន១
-ខោខូវបូយជើងវែងជារបស់ជនរងគ្រោះចំនួន១
លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបា លក្រុងបាត់ដំបងបានបញ្ជាក់ថា កាលពីរាត្រីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២០ មានករណីហិង្សាមួយបាន កើតឡើងនៅចំណុចបន្ទប់ ជួលស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលករណីនេះគឺមានជនរងគ្រោះឈ្មោះ នឿន រ៉ាឌី ភេទប្រុស អាយុ ២៩ឆ្នាំ (ជាភេទទី៣) មានទីលំនៅភូមិនរា១ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង មកជួលបន្ទប់ស្នាក់នៅក្នុងមូលដ្ឋានខាងលើ ត្រូវបានជនសង័្សយធ្វើសកម្មភាព(ចាក់លើដងខ្លួនជាច្រើនកាំបិត) បណ្តាលឲ្យទទួលរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅ សង្រ្គោះនៅមន្ទីរពេទ្យ នៅពេលដែលជនរងគ្រោះស្រែកឆោឡោផ្អើលដល់អ្នកជិតខាងឲ្យជួយរួចមក ។ ក្នុងពេលធ្វើសកម្មភាពនិងកំពុង ផ្អើលឆោឡោនេះជនសង័្សយបានធ្វើសកម្មភាព រត់គេចខ្លួនបាត់ពីកន្លែងកើតហេតុតែម្តងដោយពុំទាន់យកបាននូវទ្រព្យសម្បត្តិអ្វីនោះទេ រហូតដល់ពេលនេះជនរងគ្រោះនៅសម្រាក ព្យាបាលរបួសនៅមន្ទីរពេទ្យនៅឡើយ។
លោកវរសេនីយ៍ទោ ឈឿង គឹមសុង បានបញ្ជាក់ថា តាមរយៈសកម្មភាពខាងលើនេះ និងឆ្លងតាមរយៈការ ចង្អុលដឹកនាំរបស់ថ្នាក់ដឹកនាំស្នងការ និងលោកស្នងការរងទទួលផែនផ្ទាល់ លោកបានដឹកនាំសហការណ៍ធ្វើការស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅកំណត់បានអំពី មុខសញ្ញាដែលធ្វើសកម្មភាពនេះ និងឈានទៅធ្វើការឃាត់ខ្លួនបានដែលលទ្ធផលជំហានដំបូងនេះ គឺជនសង្ស័យបានសារភាពថា គេពិតជាមានចេតនាប៉ុនប៉ុងប្លន់យកទ្រព្យសម្បត្តិរបស់ជនរងគ្រោះខាងលើ នារាត្រីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចកើតហេតុនោះ ប្រាកដមែន។
លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ បានបញ្ជាក់ថា ដោយមានការចង្អុលដឹកនាំរបស់ឯកឧត្តមស្នងការ និងដោយបានការចូលរួមសហការពីមន្រ្តីនគរបាលជំនាញ រួមទាំងបានការចូលរួមផ្តល់ព័ត៌មានពីមហាជនផង ទើបសមត្ថកិច្ចនគរបាលសម្រេចបាននូវលទ្ធផលដូចពេលនេះ ជាមួយនេះដែរលោកស្នងការរងសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មហាជនបន្តចូលរួមសហការជាមួយសមត្ថកិច្ចនគរបាល និងសូមបង ប្អូនប្រុងប្រយ័ត្នចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិផង ដូចក្នុងករណីខាងលើនេះ គឺផ្តើមពីការទុកចិត្តពីជនរងគ្រោះចំពោះជន សង័្សយទើបបង្កឱកាសឲ្យជនសង័្សយឆ្លៀតធ្វើសកម្មភាពបានហើយក៏ សូមមេត្តាជួយផ្តល់ព័ត៌មានជាបន្ទាន់ដល់សមត្ថកិច្ចនគរបាល ក្នុងករណីបានជួបប្រទះនូវឧប្បត្តិហេតុណាមួយក្នុងមូលដ្ឋាន។
ជនសង័្សយទាំងពីរនាក់ព្រមទាំងវត្ថុតាងផង ត្រូវបានសមត្ថកិច្ចនគរបាលកំពុងរៀបចំសំណុំរឿងបញ្ជូនទៅ កាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់