ព័ត៌មានជាតិ

ឯកឧត្ដម ឃួង ស្រេង បានព្រមានទៅអាជ្ញាធរ ខណ្ឌ សង្កាត់ ភូមិ គឺមិនអនុញ្ញាតឱ្យមានចំពោះការយកលុយជាថ្នូរនៃការផ្តល់ប័ណ្ណចាក់វ៉ាក់សាំងជូនកុមារ

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃ៨រោច ខែទតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១នេះ គឺជាថ្ងៃនៃ ការចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ដល់១៧ ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយនៅថ្ងៃទី០១នេះ គេបានសង្កេតឃើញកុមារ និងយុវវ័យយ៉ាងច្រើនលើសលប់ បានសម្រុកមកទទួលការចាក់វ៉ាក់សាំង ទៅតាមការចាត់ចែងរបស់អាជ្ញាធររាជធានីភ្នំពេញ និងក្រសួងសុខាភិបាលពេញៗមណ្ឌល ។

ចំណែកអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានព្រមានរួចហើយទៅអាជ្ញាធរ ខណ្ឌ សង្កាត់ ភូមិ គឺមិនអនុញ្ញាតឱ្យមានជាដាច់ខាត ចំពោះការយកលុយជាថ្នូរនៃការផ្តល់ប័ណ្ណចាក់វ៉ាក់សាំងជូនកុមារ ។ បើមានករណីបែបនេះនឹងមានបញ្ហាប្រឈមជាមួយនឹងអាជ្ញាធររាជធានីភ្នំពេញ ពោលគឺរដ្ឋបាលរាជធានីភ្នំពេញមិនមានការយោគយល់ឡើយ ។

សូមបញ្ជាក់ថា បើយោងតាមការជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២១ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ ដូសទី១ធ្វើឡើងរយៈពេល១ ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ និង ដូសទី២ ចាប់ផ្តើមពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ ។

ចំពោះកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលមកចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ត្រូវយកមកជាមួយនូវឯកសារមួយចំនួន ដូចជា សំបុត្រកំណើត ឬសៀវភៅស្នាក់នៅ ឬ សៀវភៅគ្រួសារ ឬលិខិតឆ្លងដែន ។ យុវវ័យចាប់ពីអាយុ ១៥ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ត្រូវយកមកជាមួយនូវសំបុត្រកំណើត ឬ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរឬ សៀវភៅ ស្នក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន ភ្ជាប់មកជាមួយការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់ អាយុ១៧ឆ្នាំ ត្រូវមានលិខិតព្រមព្រៀងអនុញ្ញាតឱ្យចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជាលាយលក្ខ ណ៍អក្សរ ពីសំណាក់មាតាបិតា និងអាណាព្យាបាល ក្នុងករណីកុមារ ឬយុវវ័យនោះស្នាក់នៅ ឆ្ងាយពីមាតាបិតា ឬ អាណាព្យាបាល តម្រូវឱ្យមាតាបិតា និង អាណាព្យាបាលបំពេញនូវ លិខិតព្រមព្រៀងនេះ ជាលាយលក្ខណ៍អក្សរ ហើយផ្ញើតាមប្រព័ន្ធអនឡាញ មកបុត្រធីតា ឬ សាច់ញាតិ ដើម្បីផ្តល់ឱ្យគ្រូពេទ្យនៅទីតាំងចាក់វ៉ាក់សាំងផ្ទាល់ ។

ចំពោះ អ្នកគ្រប់គ្រងចំពោះកុមារកំព្រា ដែលរស់នៅតាមមណ្ឌលវិញ ក្នុងករណីកុមារ និងយុវវ័យនោះ ជាជនអនាថាដែលពុំមាន អាណាព្យាបាល ឬ មិនមានទីតាំងស្នាក់នៅពិតប្រាកដ ត្រូវមានលិខិតបញ្ជាក់ចេញដោយអាជ្ញាធរមូលដ្ឋាន ៕

មតិយោបល់