ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួចកាត និងទូរស័ព្ទសរុបជាទឹកប្រាក់ ៤ពាន់ដុល្លារ

បាត់ដំបងៈ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៥និង៥០នាទីអនុវត្តតាមមតិដឹកនាំរបស់លោក អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ព្រមទាំងអនុវត្តតាមមតិណែនាំជំនាញពីលោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ ក្រុមអន្តរាគមន៍បង្ការបង្រ្កាបបាន សហការជាមួយកម្លាំងការិយាល័យជំនាញ នគរបាលព្រហ្មទ័ណ្ឌកំរិតស្រាលដែល មានលោកវរសេនីយ៍ទោ ឈឿង គឹមសុង ជានាយការិយាល័យចុះប្រតិបត្តិការ បង្ក្រាបករណីលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ (កាតទូរស័ព្ទដៃ និងក្រវិលកំប៉ុងស្រាបៀរ ) មួយករណីនៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្នុងកិច្ចប្រតិបត្តិការនេះបានធ្វើការឃាត់ខ្លួនជន សង្ស័យចំនួន០២នាក់ គឺ៖
១-ឈ្មោះ រឿន ចាន់រិទ្ធ ហៅ សល់ អាយុ ២៦ឆ្នាំ មានទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ជាអ្នកផ្តើមគំនិត)។
២-ឈ្មោះ ឡា ពោ ភេទប្រុស អាយុ ១២ឆ្នាំ (ទីលំនៅមិនប្រាកដ) ជាអ្នកដៃដល់ក្នុងការប្រព្រឹត្ត។

ក្នុងនោះធ្វើការដកហូតបាន៖
-កាតទូរសព្ទដៃ សែលខាត Cellcard ប្រភេទទឹក ប្រាក់ចំនួន ០១ដុល្លារចំនួន ១២០សន្លឹក
-ក្រវិលស្រាបៀរត្រូវរង្វាន់មួយចំនួន។

កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១១និង៣៣នាទី ជនសង័្សយ បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះឈ្មោះ អ៊ឹង សេង ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលប្រពន្ធរបស់គាត់មាន មុខរបរលក់ចាប់ហួយ ក្នុងលំនៅដ្ឋានខាងលើ ។

សម្ភារៈបាត់បង់រួមមាន៖
-កាតទូរស័ព្ទដៃ សរុបចំនួន ០៤ពាន់ដុល្លារ (កាតសែលកាតCellcard ៥០០ដុល្លារ , កាត ស្មាត Smart ចំនួន ១,៥០០ ដុល្លារ , កាតមិត្តហ្វូន Metfone ចំនួន១,២០០ ដុល្លារ , និងកាត រាយចំនួន ៨០០ ដុល្លារ )
-ក្រវិលកំប៉ុងស្រាបៀរត្រូវរង្វាន់ចំនួន ០២ថង់ (ទម្ងន់ ៥គីឡូ) ។

ជនសង័្សយបានយកកាតទូរស័ព្ទ និងក្រវិលកំប៉ុងដែលលួចបានទៅលក់ភ្លាមៗ ដែលពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកអ្នកទទួលទិញផល ចោរកម្មដើម្បីដកហូត និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ ការបន្តតាមនីតិវិធី៕

មតិយោបល់