ព័ត៌មានជាតិ

តខ្សែរភ្លើងរាយការពារ ទ្រព្យសម្បត្តិខ្លាចចោរលួច បែរជាឆក់ខ្លួនឯងស្លាប់ទៅវិញ

ត្បូងឃ្មុំ: ករណីឆក់ចរន្ធអគ្គិសនីស្លាប់ទៀបភ្លឺកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ៤ និង៣០នាទីនៅចំណុចភូមិជ្រោយចង្ហា ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ជនរងគ្រោះ ឈ្មោះ តន់ ជា ភេទប្រុស អាយុ៧៣ឆ្នាំជាតិខ្មែររស់នៅភូមិកើតហេតុ បានឆក់ខ្សែរភ្លើងចរន្ធអគ្គិសនីស្លាប់នៅនឹងកន្លែងកើតហេតុក្រោមផ្ទះរបស់ខ្លួន ខណ:ពេលនៅផ្ទះតែម្នាក់ឯង មានប្រពន្ធឈ្មោះ យឹង ផល អាយុ៧០ឆ្នាំទៅចូលរួមអាពាហ៍ពិពាហ៍សាច់ញាតិនៅឯខេត្តព្រះវិហារ (ជាប្តីប្រពន្ធគ្មានកូននោះទេ) ។
ផ្អែកតាមការបំភ្លឺរបស់ឈ្មោះ ឡាច រ៉ាឌី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំខាងលើ បានបំភ្លឺថា នៅថ្ងៃកើតហេតុវេលាម៉ោងប្រហែល០៥ព្រឹក ខណ:ពេលគាត់កំពុងបូមទឹកនៅក្រោយផ្ទះ ស្រាប់តែម្តាយក្មេកគាត់បានរត់មកប្រាប់គាត់ថា ជនរងគ្រោះខាងលើដេកដួលនៅហ្នឹងដី មិនដឹងកើតអីទេ ឮដូចនេះ គាត់ក៏រត់ទៅមើល ឃើញជនរងគ្រោះដេកនៅហ្នឹងដីមែន មានសសៃលួសខ្សែរភ្លើង ពណ៍ទង់ដែង ព័ទ្ធជុំវិញជើងសសរផ្ទះចំហៀងខាងត្បូង គាត់ក៏ទាញផ្តាច់បម្រុងទៅលើកជនរងគ្រោះ ក៏ត្រូវខ្សែរភ្លើងឆក់តែម្តង តែដោយស្មារតីររឹងមាំ គាត់ក៏កន្ត្រាក់ដៃចេញ ដាច់សសៃលួសខ្សែរភ្លើងអស់ទៅ ហើយគាត់បានបន្ថែមទៀតថានៅល្ងាចថ្ងៃទី២២.០៦.២០២០ ជនរងគ្រោះបានប្រាប់គាត់ថាគាត់នឹងតខ្សែរភ្លើងរាយការពារ ទ្រព្យសម្បត្តិរបស់គាត់ខ្លាចចោរលួច។
បន្ទាប់ពីទទួលព័ត៌មានភ្លាមនៅព្រឹកថ្ងៃដដែល កម្លាំងជំនាញនគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមង់រៀវ និងមានការចូលរួមពីគ្រូពេទ្យមណ្ឌលសុខភាពមង់រៀវ បានចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យស្រាវជ្រាវកន្លែងកើតហេតុ និងសពសន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ព្រោះមូលហេតុយកខ្សែភ្លើងតចរន្ធអគ្គិសនីរាយនៅក្រោមផ្ទះដោយខ្លួនឯងដើម្បីការពារ ភ្លាត់ភ្លេចខ្លួនចុះងើបពីដេក ចុះដើរមកក្រោមផ្ទះ ក៏បណ្តាលឲ្យឆក់ស្លាប់តែម្តង ពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ។ សពប្រគល់ជូនក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់