សៀមរាបៈ បុរសម្នាក់ បានបើកម៉ូតូសណ្តោងរ៉ឺម៉ក ទៅបុកគូថរថយន្ត ពីក្រោយដែលចតស្ងៀម បណ្តាលឱ្យរងរបួសធ្ងន់ ហើយស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីវេលាម៉ោង៤៖៤០នាទីទាបភ្លឺ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅលើកំណត់ផ្លូវជាតិលេខ៦ ក្នុងភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តម៉ាក FUSO ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-4156 បើកបរពីកើតទៅលិច លុះដល់ចំណុចកើតហេតុរថយន្តបានខូចនៅលើចិញ្ចើមផ្លូវ បន្ទាប់មកមានម៉ូតូសណ្ដោងរ៉ឺម៉ក បានបើកមកបុកគូទរថយន្តពីក្រោយ បណ្ដាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ រួចដឹកយកទៅជួយសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបភ្លាមៗ ខណៈនោះជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ហើយ។
លោកវរសេនីយ៍ត្រី បានបញ្ជាក់ថា អ្នកដែលស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមានឈ្មោះ ប្រាក់ វុទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរជាកម្មករកាប់គោ រស់នៅក្នុងភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប ដែលបានបើកម៉ូតូសណ្តោងរ៉ឺម៉ក កញ្ចាស់ គ្មានស្លាកលេខ ស្របទិសគ្នាពីកើតមកលិច។ ចំណែកអ្នកបើកបររថយន្តមានឈ្មោះ ថា ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរជាអ្នកបើករថយន្ត នៅខេត្តកំពង់ស្ពឺ បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនិងព្រូឡាន២នាក់តែប៉ុណ្ណោះ។
លោក បានបន្ថែមទៀតថា ក្រោយពីបានចុះទៅដល់កន្លែងកើតហេតុគ្រោះថ្នាក់ចរាចរភ្លាមៗ លោកបានឱ្យកម្លាំងនគរបាលស្រុកពួក ធ្វើការត្រួតពិនិត្យ និងវាស់វែងព្រមទាំងបានយករថយន្ត និងម៉ូតូរ៉ឺម៉កមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់