បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ប្រជាពលរដ្ឋប្រទះឃើញសាកសពស្លាប់ម្នាក់នៅក្បែរដើមស្តៅជិតផ្លូវលំ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៦និង ៣០នាទីព្រឹកថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២០ នៅចំណុចខាងជើងខ្នងអាងប្រាសាទមេបុណ្យ ស្ថិតក្នុងភូមិបន្ទាយឆ្មារខាងជើង ឃុំ បន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា បុរសដែលស្លាប់ឈ្មោះហឿយ សល់ អាយុ៣៧ឆ្នាំ រស់នៅភូមិបន្ទាយឆ្មារជើង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាមនុស្យញៀនស្រាជាប្រចាំ និងមានសតិមិនល្អ ។
លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុបើតាមការបំភ្លឺពីបងប្អូនប្រាប់ នៅថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង២២និង០០នាទី ជនរងគ្រោះ ឈ្មោះហឿយ សល់ បាននិយាយទៅកាន់បងប្អូនថា រូបគេទៅលេងប្រាសាទមេបុណ្យយប់នេះ លុះដល់វេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២០ មានប្រជាពលរដ្ឋប្រទះឃើញឈ្មោះ ហឿយ សល់ បានដេកស្លាប់នៅក្រោមដើមស្តៅក្បែរផ្លូវលំដោយមានមែកស្តៅធ្លាក់បាក់ផងដែរ ។
លោកអធិការបន្តថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលជំនាញ និងប៉ុស្តិ៍រដ្ឋបាលឃុំបន្ទាយឆ្មារ សហការជាមួយគ្រួរពេទ្យ អាជ្ញាធរភូមិ ឃុំ ដើម្បីធ្វើការពិនិត្យសព ឃើមានស្នាមបែកក្បាល និងបាក់.ក ដូច្នេះគ្រូពេទ្យបានសន្និដ្ឋានថា ជនរងគ្រោះបានឡើងដើមស្តៅជាន់ប៉ះមែកតូចបាក់ធ្លាក់ក្បាលមកមុន បណ្តាលឲ្យបែកក្បាលនិងបាក់.ក ស្លាប់តែម្តង ពុំមានអ្វីដែលពាក់ព័ន្ធនឹងករណីមនុស្សឃាតនោះឡើយ រួចប្រគល់សាកសពជនរងគ្រោះ ជូនក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់