កណ្តាលៈ ជនត្រូវចោទដែលវាយសម្លាប់ជនរងគ្រោះនៅលើអង្រឹង ត្រូវបានបញ្ជូនមកសាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
បើតាមមន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រាប់ថា ជនត្រូវចោទ ដែលបង្កឃាតកម្មមាន ឈ្មោះ នួន សារី ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្ទះ មានទីលំនៅភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានចៅក្រម ស៊ើបសួរសាលាដំបូងខេត្តកណ្តាល លោក អ៊ី សុវណ្ណ សំរេចចេញដីការឃុំខ្លួនបណ្តោះអាសន្នលេខ ២២៥៨ ដកសឃខ ចុះថ្ងៃទី៥ ខែវិច្ឆិការ ឆ្នាំ២០១៦ ពីបទ«ឃាតកម្ម» តាមបញ្ញាត្តិមាត្រា១៩៩ នៃច្បាប់ព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា កាលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅផ្ទះឈ្មោះ គីម ហៀង បានធ្វើបុណ្យខួប៣ឆ្នាំ ឲ្យប្តីដោយជនរងគ្រោះ មកជួយមើលការខុសត្រូវ លុះដល់ម៉ោង៨យប់ ជនរងគ្រោះបានអង្គុយផឹកស្រាជាមួយមិត្តភក្ដិក្នុងពិធីរួមមាន ទី១ឈ្មោះ នឿន សុខណាន ហៅអ៊ូខុង អ្នកចាក់មេក្រូ ទី២ឈ្មោះ ហឿន ភឿន ប្រុសអាយុ៣៥ឆ្នាំកូនប្រសាម្ចាស់ផ្ទះ ទី៣ឈ្មោះ ញឺន ថេង ភេទប្រុស អាយុ៤៣ឆ្នាំ ប្អូនថ្លៃម្ចាស់ផ្ទះ រហូតដល់ម៉ោង១០យប់ ក៏ឈប់ផឹកហើយបែកផ្លូវគ្នា រីឯជនរងគ្រោះ បានចងអង្រឹងដេក ក្រោមជណ្តើរផ្ទះម្ចាស់បុណ្យ រហូតដល់ម៉ោង១២យប់។
ដោយឃើញឱកាសល្អជនបង្ករក៏បាន យកឈើរជ្រុងដែលទុកនៅក្រោមផ្ទះម្តាយខ្លួន មកវាយជនរងគ្រោះ កំពុងដេកក្នុងអង្រឹងចំនួន៤ដំបង បណ្តាលឲ្យស្លាប់ក្នុងអង្រឹងតែម្ដង។ បើតាមសម្ដីអ្នកភូមិ ជនជាប់ចោទធ្លាប់មានទំនាស់ពាក្យសម្ដី និងជនរងគ្រោះ ដោយធ្លាប់ប្រាប់ជនរងគ្រោះ កុំឲ្យប្រើថ្នាំញៀន ប៉ុន្តែបែជាជនរងគ្រោះ គំរាមរកសំលាប់ខ្លួនទៅវិញ(ជនល្មើស) លុះដល់ម៉ោង៥ភ្លឺ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្រាប់តែឃើញឈាមហូក្រោមអង្រឹងជនរងគ្រោះ។ ម្ចាស់ផ្ទះក៏បានរាយការណ៍ទៅ លោកនាយប៉ុស្តិ៍ព្រះប្រសប់ លោកនាយប៉ុស្តិ៍រាយការបន្តទៅលោកអធិការ ឲ្យកម្លាំងជំនាញចុះពិនិត្យឃើញមានស្នាមរបួសលើជនរងគ្រោះ ទើបអះអាងថាជាករណីឃាតកម្ម។ ក្រោយពីស្រាវជ្រាអស់រយះ២ម៉ោងសមត្ថកិច្ចក៏បានឃាត់ខ្លួនជនល្មើសនិងបន្តចាត់ការអនុវត្តតាមនីតិវិធីច្បាប់៕
https://youtu.be/VR2_iolROKU
មតិយោបល់