កណ្តាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៣ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយនគរបាលខេត្តសៀមរាប និងខេត្តកំពង់ចាម ចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពីជនសង្ស័យនិងបក្ខពួកធ្វើសកម្មភាពវាយសម្លាប់អ្នកធ្វើការសំណង់ជាមួយគ្នា កាលពីវេលាម៉ោង២២និង១៥ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។
លោកវរសេនីយ៍ ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា បន្ទាប់ពីមានករណីឃាតកម្មកើតឡើង សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្ត ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត កម្លាំងបានបានចុះធ្វើការស្រាវជ្រាវរហូតឈានដល់ចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បាន២នាក់ក្នុងចំណោមបក្ខពួក៣នាក់ ។
ជនសង្សទី១-ឈ្មោះ ស៊ី ណាត ហៅម៉ាញ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ត្រូវបានចាប់ខ្លួនថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ។ ទី២-ឈ្មោះ ពេជ្រ លាក់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ១០មករា ឃុំបុស្សខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម ត្រូវបានចាប់ខ្លួននៅរសៀលថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២០ នៅចំណុចការដ្ឋានសំណង់ នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ចំណែកឯជនរងគ្រោះឈ្មោះ ម៉ិក រឿន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិធ្នុកអណ្តូង ឃុំស្លាក្រាម ក្រុងសៀមរាប កំពុងគេចខ្លួន ។
លោកវរសេនីយ៍ ឡាក់ ម៉េងធី បានបញ្ជាក់ថា មុនពេលកើតហេតុជនសង្ស័យ និងជនរងគ្រោះបានមកស្នាក់នៅក្នុងការដ្ឋានសំណង់ ក្នុងភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ជាមួយគ្នា ។ លុះដល់យប់ថ្ងៃកើតហេតុ ក្រុមជនសង្ស័យខឹងជនរងគ្រោះចូលដេកមុនខុសកន្លែង ទើបក្រុមជនសង្ស័យនាំគ្នាធ្វើសកម្មភាពវាយសម្លាប់ជនរងគ្រោះ ហើយក៏នាំគ្នាគេចខ្លួនអស់ ។ ចាប់ពីថ្ងៃកើតហេតុរហូតមកដល់ថ្ងៃទី២៦ ខែមិថុនា សមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន០២នាក់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ខណ:ជនសង្ស័យម្នាក់ទៀតសមត្ថកិច្ចស្គាល់អត្តសញ្ញាណអស់ហើយ កំពុងរត់គេចខ្លួន ៕
ព័ត៌មានជាតិ
មតិយោបល់