ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ មានទំនាស់រ៉ាំរ៉ៃ បានផឹកថ្នាំពុលសម្លាប់ខ្លួន

សៀមរាប: នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៤ និង០០នាទីព្រឹក មានករណីបុរសម្នាក់ មានទំនាស់ក្នុងគ្រួសារ រ៉ាំរ៉ៃ បានផឹកថ្នាំពុល សម្រាប់សម្លាប់សត្វល្អិត បណ្តាលឲ្យស្លាប់ ខណ:បញ្ជូនទៅកាន់ដល់មន្ទីរពេទ្យ ដើម្បីសង្រ្គោះ ចំណុចភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។

សាកសព ឈ្មោះ សំ ស៊ា ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ មុខរបរកសិករ បានផឹកថ្នាំពុលសម្លាប់ខ្លួនiប្រភេទ ថ្នាំពុលកំចាត់សត្វល្អិត (ថ្នាំបាញ់ស្រូវ) ម៉ាកអាល់បា ចំណុះ៤៥០ml នៅលើផ្ទះរបស់ខ្លួនក្នុងភូមិ-ឃុំកើតហេតុ បណ្តាលឲ្យពុលដួលសន្លប់ ហើយត្រូវក្រុមគ្រួសារដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកពួក តែដោយអាការធ្ងន់ធ្ងរក៏ដាច់ខ្យល់ស្លាប់តែម្តង ។

មូលហេតុ៖ ទំនាស់ជាមួយប្រពន្ធ (ទំនាស់រ៉ាំរ៉ៃ) ។

តាមការបញ្ជាក់ពីប្រពន្ធឈ្មោះ ប៊ុន ធឿត អាយុ៤៨ឆ្នាំ បានឲ្យដឹងថា ប្តីគាត់ ជនរងគ្រោះ (សំ ស៊ា) ចូលចិត្តផឹកស្រាជាប្រចាំ ស្រវឹងវង្វេងស្មារតី ជេររករឿងប្រពន្ធកូនជាញឹកញាប់ ហើយគាត់និងកូនតែងស្តីថាអប់រំខ្លះដែរតែមិនស្តាប់ ទើបគាត់មិនសូវនិយាយរក ។ កន្លងមកប្តីគាត់ដែលជាជនរងគ្រោះ ក៏ធ្លាប់ចងកសម្លាប់ខ្លួនម្តង តែត្រូវបានសាច់ញាតិសង្រ្គោះទាន់ ។ ដោយឡែកនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ពេលប្រពន្ធនិងកូនចៅក្រោកពីដំណេកចុះមកក្រោមផ្ទះអស់ ក៏ឃើញប្តីរបស់គាត់បិទទ្វាផ្ទះជិតអស់ បន្តិចក៏ឃើញមានទឹកហូរស្រក់តាមក្តារ ក៏នាំគ្នាហៅជនរងគ្រោះមិនឮសូរឆ្លើយ ទើបប្រពន្ធនិងកូនចៅនាំគ្នាគាស់ក្តារផ្ទះមើលឃើញប្តីសន្លប់នៅក្នុងបន្ទប់ដេកក្នុងផ្ទះនោះ ដោយមានក្អួតចង្អោរច្រើនមានធុំក្លិនថ្នាំ និងឃើញមានដបថ្នាំពុល (ថ្នាំបាញ់ស្រូវ)១ដបនៅក្បែរនោះ ហើយគាត់និងកូននាំមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកពួក តែពេលកំពុងសង្រ្គោះប្តីរបស់គាត់ ដែលជាជនរងគ្រោះ បានដាច់ខ្យល់ស្លាប់តែម្តង ។ ប្តីគាត់ស្លាប់ដោយផឹកថ្នាំពុលខ្លួនឯង មិនមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនោះទេ ។

ប្រពន្ធជនរងគ្រោះគាត់បានបញ្ជាក់ថា នៅជញ្ជាំងថ្មក្រោមផ្ទះផ្នែកខាងកើត គាត់ឃើញមានអក្សរសរសេរបណ្តាំផងដែរ ជាអក្សរប្តីរបស់គាត់ ដែលមានអត្ថន័យ « សូមមីងមាសធ្វើបុណ្យខ្ញុំផង មើរខ្ញុំបាទផង » ។

ក្រោយទទួលបានសេចក្តីរាយការណ៍កម្លាំងបានសហការជាមួយគ្រូពេទ្យបង្អែកស្រុកពួក ពិនិត្យលើសាកសព ពុំឃើញមានស្លាកស្នាមអ្វីពាក់ព័ន្ធបទល្មើសទេ គ្រូពេទ្យបញ្ជាក់ថា សាកសពស្លាប់ដោយផឹកថ្នាំពុលច្រើន ជាតិពុលជ្រាបដល់សសៃបេះដូង ។

ក្រោយពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះ ឲ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី​ ៕

មតិយោបល់