ភ្នំពេញៈ បុរសម្នាក់ត្រូវបានអ្នកជិតខាងប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួល បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅបន្ទប់ជួលលេខJ1-16 ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ វ៉ាត សាវុទ្ធ អាយុ ៤៤ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅបន្ទប់ជួលខាងលើ មានស្រុកកំណើត ភូមិព្រាលទី២ ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។
បើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ មានឡានដឹកសម្រាមចូលមក យកសម្រាមនៅចំណុចផ្ទះជួលខាងលើ តែទើសនឹងម៉ូតូកង់បីរបស់ជនរងគ្រោះ ដែលចតទុកមុខបន្ទប់ផ្ទះជួលក្បែរនោះ ឃើញដូច្នោះ មានអ្នកក្បែរខាងរត់ទៅតាមហៅជនរងគ្រោះដើម្បីឲ្យយកម៉ូតូកង់បីចេញ តែហៅមិនងើបសោះ ចូលទៅមើលស្រាប់តែប្រទះឃើញជនរងគ្រោះដេកបាត់ទៅហើយ ទើបបង្កឲ្យភ្ញាក់ផ្អើល ។
ក្រោយកើតហេតុទើបរាយការណ៍ទៅសមត្ថកិច្ចចុះពិនត្យជាក់ស្តែង រួចទំនាក់ទំនងទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕






មតិយោបល់