ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ គាស់សោទ្វារផ្ទះមន្រ្តីរាជការម្នាក់ លួចទ្រព្យសម្បត្តិ

ភំ្នពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី គាស់សោទ្វារផ្ទះលួចទ្រព្យសម្បត្តិ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២៣និង០០នាទីនៅផ្ទះគ្មានលេខ ភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ដោយផ្អែកលើកាមេរ៉ាសុវត្ថិភាពរបស់ជនរងគ្រោះ ដែលជនសង្ស័យបានប្រព្រឹត្តិកាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៤និង៣០នាទីនៅចំណុចខាងលើ ។

ជនសង្ស័យឃាត់ខ្លួនឈ្មោះ សឿន ប៊ុនថាត ហៅតួ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

ជនរងគ្រោះឈ្មោះ ម៉ែន សុភា ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីរាជការ ស្នាក់នៅផ្ទះកើតហេតុ។

តាមរបាយការណ៍បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី ២៤-០៦-២០២០ ជនរងគ្រោះ ចាក់សោទ្វារផ្ទះកើតហេតុត្រឹមត្រូវ រួចនាំគ្នាចេញទៅធ្វើការ។

រហូតដល់ម៉ោង១៤និង៣០នាទីថ្ងៃដដែល ស្រាប់តែមានជនសង្ស័យ២នាក់ ធ្វើសកម្មភាព គាស់សោទ្វារផ្ទះខាងក្រោយលួចទ្រព្យសម្បត្តិរួមមាន ៖ ខ្សែកកាឡៃ ៣ខ្សែ, ក្រឡាស់អាវកាឡៃ២, កងដៃប្រាក់ ដាំត្បូងពណ៌សលាយក្រហម ២កង និងកងដៃប្លាទីនដាំត្បូងពណ៌ស ៤កង នាំគ្នាគេចខ្លួន (ឆែកកាមេរ៉ាសុវត្ថិភាពឃើញ)។ លុះដល់ ថ្ងៃទី២៩-០៦-២០២០ វេលាម៉ោង២៣និង០០នាទី សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សឿន ប៊ុនថាត (តាមការចង្អុលបង្ហាញ រូបថតពីសាក្សី) បញ្ជូន មកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វើការ សាកសួរ(ជនសង្ស័យប្រើប្រាស់គ្រឿងញៀន)៕

មតិយោបល់