ព័ត៌មានជាតិ

ម្សិលមិញ ឆក់បាន Laptop គ្រូបង្រៀនជនជាតិជប៉ុនម្នាក់ ថ្ងៃនេះ ប៉ូលិស តាមចាប់ដល់ផ្ទះ

ភ្នំពេញៈ ជនសង្ស័យជាមុខសញ្ញាឆក់ ០៣នាក់ ត្រូវកម្លាំងជំនាញខណ្ឌសែនសុខស្រាវជ្រាវ ទៅចាប់ដល់ផ្ទះ ក្រោយធ្វើសកម្មភាពឆក់កាបូបបានសម្រេច និងគេចខ្លួនបានមួយយប់។ ឃាត់ខ្លួនកាលពីម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅស្របផ្លូវរថភ្លើងភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ SAHASHI AKIMASA អាយុ ៣៧ឆ្នាំ ជនជាតិ ជប៉ុន មុខរបរគ្រូបង្រៀន ស្នាក់នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យ ៣នាក់៖
១/ឈ្មោះ ថង សុវណ្ណ អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ។
២/ឈ្មោះ សុខ ចន្ត្រី អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ
៣/ឈ្មោះ ដួង ចិន អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដទាំង ៣នាក់ ស្នាក់នៅភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ មានជនសង្ស័យ ០៣នាក់ ជិះម៉ូតូ ២គ្រឿង(ស្កូបពីមួយគ្រឿងនិងម៉ាកនិកមួយគ្រឿង) មកធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីជនរងគ្រោះជាជនជាតិជប៉ុន ខណៈកំពុងជិះ PassApp នៅចំណុចផ្លូវ១៩២៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានសម្រេចគេចខ្លួនដោយសុវត្តិភាព។

សមត្ថកិច្ចឲ្យដឹងទៀតថា ក្រោយហេតុការណ៍កើតឡើងសមត្ថកិច្ចជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌ ក៏ចុះធ្វើការស្រាវជ្រាវភ្លាមៗ កំណត់បានមុខសញ្ញាខាងលើ រហូតដល់ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ក៏ឈានទៅឃាត់ខ្លួនមុខសញ្ញាខាងលើ ដល់លំនៅដ្ឋានតែម្តង ព្រមទាំងដកហូតបានម៉ូតូ ២គ្រឿង ជាមធ្យោបាយល្មើសផង។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ ត្រូវបានឃាត់ខ្លួនសាកសួរបណ្តោះអាសន្ន នៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕

មតិយោបល់