ព័ត៌មានជាតិ

រថយន្តខ្មែរ បុករថយន្តបរទេសពេញទំហឹងនៅផ្លូវបំបែកជាបួន របួសធ្ងន់ជនជាតិបរទេសម្នាក់!

ភ្នំពេញៈ បុរសបរទេសម្នាក់ ​រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ និងម្នាក់ទៀតរបួសស្រាល ខណៈពេលកំពុងបើករថយន្ត​ ឆ្លងកាត់ផ្លូវបំបែកជាបួន តែត្រូវបានរថយន្ត Hilux Vigo ពាក់ស្លាកលេខ ភ្នំពេញ 2AF-2261 បើកលឿនដូចហោះ ទៅបុកពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទាតឡើងចិញ្ចើមផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លាន់ដូចរន្ទះ​មួយនេះបានកើតឡើងនៅវេលាម៉ោង៣និង១០នាទីទៀបភ្លឺ​ ឈានចូលថ្ងៃអាទិត្យ​ ទី១ ខែ កក្កដា ឆ្នាំ២០១៨នេះ​ នៅត្រង់ចំណុចមុខ ធនាគារ ហុងលីអុង ផ្លូវបំបែកជាបួន ផ្លូវលេខ២១៤ កែងផ្លូវ លេខ៥១ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់ Post News ថា​ នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាក ហុងដា ហ្វីត ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ចង្កូតស្ដាំ KCHH-0001 បើកបរដោយបុរសបរទេសម្នាក់ រួមដំណើរជា​មួយបុរស បរទេសម្នាក់ទៀត បានធ្វើដំណើរតាមបណ្ដោយផ្លូវ លេខ២១៤ ទិសដៅពីកើតទៅលិចក្នុងល្បឿនធម្មតា លុះមកដល់ចំណុចកើតហេតុ​ដែលជាផ្លូវបែកជាបួន រថយន្តបាន បន្ថយល្បឿន បម្រុងបើកឆ្លងកាត់ផ្លូវលេខ៥១ ស្រាប់តែមានរថយន្ត Hilux Vigo ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF.2261 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥១ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនដូចហោះ ក៏ទៅបុករថយន្ត Honda Fit ចំកង់មុខផ្នែកខាងស្ដាំ យ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្ត Honda Fit ខ្ទាតឡើងទៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យបុរសបរទេសទាំងពីរនាក់ នោះរងរបួសធ្ងន់និងស្រាល ដោយអ្នករបួសធ្ងន់ត្រូវបាន រថយន្តគិលានសង្គ្រោះគ្លីនិកឯកជនដឹកយកទៅមន្ទីរពេទ្យ។ ចំណែកឯអ្នករបួសស្រាល បានឡើងម៉ូតូឌុបជិះចេញទៅភ្លាមៗផងដែរ។ ចំណែករថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំតែម្ដង។

សាក្សីដដែលបានបន្ថែមថា ភ្លាមនោះអ្នកបើកបររថយន្ត Hilux Vigo បានចុះពីលើរថយន្ត​ រួចទាក់ទងហៅ​បុរស មាឌធំជាច្រើននាក់ ស្លៀកពាក់ឯកសណ្ឋានអង្គរក្ស អោយចុះមកជួយអន្តរាគមន៍នៅកន្លែងកើតហេតុ ក្រោយមកអ្នកបើកបររថយន្ត Hilux Vigo បានឡើងរថយន្តបើក ចេញទៅបាត់ បន្សល់ទុករថយន្តនិង​បុរសមាឌធំជាច្រើន នាក់នោះ នៅឈរបិទបាំងស្លាកលេខ​ មិនអោយក្រុមអ្នកសារព័ត៌មានផ្ដិតយករូបភាពនោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ រួចទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ចុះមកធ្វើការវាស់វែង រួចស្ទូច យករថយន្តទាំងពីរគ្រឿងនោះ ទៅរក្សាទុកនៅ​ការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំភាគីទាំងសងខាងដោះស្រាយគ្នាពេលក្រោយ ៕

មតិយោបល់