កោះកុងៈ កាលពីវេលាម៉ោង១២និង០០នាទីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តធុនធំដឹកទំនិញអេឡិចត្រូនិចមួយគ្រឿង បានចេញដំណើរពីខេត្តកោះកុង ឆ្ពោះទៅភ្នំពេញ បានក្រឡាប់ បណ្តាលឲ្យតៃកុងរថយន្តម្នាក់ស្លាប់និងព្រូឡានរងរបួសបាក់ដៃម្ខាង បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្នុងភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឲ្យតៃកុងរថយន្តម្នាក់ស្លាប់ ចំណែកឯព្រូឡានបានរងរបួសធ្ងន់បាក់ដៃម្ខាង ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅព្យាបាលនៅក្រុងភ្នំពេញ ។
ចំណែករថយន្តដែលក្រឡាប់នេះ មានដឹកសម្ភារៈគ្រឿងអេឡិចត្រូនិច បានក្រឡាប់ចាក់អីវ៉ាន់ចោលពាសពេញលើដងផ្លូវ ។
តាមប្រភពនៅទីកន្លែងកើតហេតុ បាននិយាយថា ទំនិញទាំងអស់នេះ ជារបស់អ្នកមានអំណាចធំមួយរូបនៅឯទីក្រុងភ្នំពេញ នេះបើយោងតាមពាក្យសម្តីអ្នកយាមអីវ៉ាន់នៅទីកន្លែងនោះ។
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋមានការសង្ស័យថា រថយន្តដែលក្រឡាប់នេះ ទំនងជាដឹកសម្ភារៈគេចពន្ធ គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់ម៉ូតូ រថយន្ត និងសម្ភារៈផ្សេងៗទៀតជាច្រើន ។ សាកសពជនរងគ្រោះ បានប្រគល់ទៅសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕





មតិយោបល់