ព័ត៌មានជាតិ

រថយន្តបែនដឹកខ្សាច់ បុករះចូលផ្ទះប្រជាពលរដ្ឋ ខ្ទេចសំយ៉ាប ៣ល្វែង ម្ចាស់កំពុងលក់ដូររត់ចែកជើងគ្នា

ភ្នំពេញ: មនុស្សច្រើននាក់រត់គេចចែកជើងគ្នាសព្រាត ទាំងព្រលឹងចុងសក់ ខណ:ដែលមានរថយន្តប្រភេទបែន ដឹកខ្សាច់មួយគ្រឿង សង្ស័យអ្នកបើកបរងោក ទើបបើករេចង្កូតឡើងចិញ្ចើមបុករះចូលផ្ទះបងប្អូនប្រជាពលរដ្ឋ បាក់ខ្ទេចសំយ៉ាបអស់៣ល្វែង ខ្ទេចសម្ភារ: ម៉ូតូ២គ្រឿង បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅតាមមហាវិថីឈ្នះ ឈ្នះ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

រថយន្តបង្កម៉ាក នីសាន់ បែនកង់៦ ពណ៌ខៀវ ឆ្នូត ក្រហម ពាក់ផ្លាកលេខ ព្រះសីហនុ 3A-1925 ដឹកខ្សាច់ បើកបរដោយយុវជនម្នាក់ ពាក់ក្រវិលពេញត្រចៀក ។

តាមប្រភពពីបងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍ ហើយក៏ជាម្ចាស់ផ្ទះ បានឲ្យដឹងថា មុនកើតហេតុ ផ្ទះទាំង៣ល្វែង ម្ចាស់លក់ដូរ ស្រាប់តែនៅវេលាម៉ោងខាងលើ រថយន្តបង្ក បើកបរល្បឿនលឿន ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ សង្ស័យអ្នកបើកបរងោក ទើបរេចង្កូតឡើងចិញ្ចើមផ្លូវ បុករះ ជើងសរសរសំយ៉ាប បាក់រាយប៉ាយ ផ្ទះចំនួន៣ល្វែង បាក់សំយ៉ាបទាំងស្រុង បាក់បង្គោលភ្លើង បុករុញផ្ទប់ជាប់ម៉ូតូ ម៉ូតូកង់បី ទល់ជាប់ជញ្ជាំងផ្ទះទើបទៅមុខលែងរួច បណ្តាលឲ្យខូចខាត សម្ភារ: លក់ដូរ សំយ៉ាប របស់របរ ម៉ូតូ២គ្រឿង រថយន្តខ្ទេចរួញកាប៊ីន មនុស្សច្រើននាក់រត់គេចចែកជើងគ្នា ។

តាមសម្តីយុវជនបើកបររថយន្តវិញ បានឲ្យដឹងថា មុនកើតហេតុ គាត់បើកគេចពីម៉ូតូ ទើបជ្រុលចង្កូតបែបនេះ ក្រោយពីរៀបរាប់ប្រាប់អ្នកសារព័ត៌មានហើយ យុវជនរូបនេះឡើងទៅសង្ងំដេកក្នុងកាប៊ីនរថយន្តបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ជំនាញ ចុះទៅពិនិត្យផលទទួលរងប៉ះពាល់ ឃាត់ជនបើកបររថយន្តបង្ក ។ ករណីខាងលើ មិនបង្កឲ្យពលរដ្ឋរងរបួសឡើយ ទោះជាយ៉ាងណា សមត្ថកិច្ច រកវិធីយករថយន្តចេញពីគំនរបាក់បែក ហើយយកទៅរក្សាទុករង់ចាំដោះស្រាយផលប៉ះពាល់ជាមួយម្ចាស់ផ្ទះរងគ្រោះ ៕

មតិយោបល់