ភ្នំពេញៈ គោឈ្មោលមួយក្បាល ដែលគេសង្ស័យថា បានរត់ចេញពីទីសត្តឃាតជ្រោយចង្វា បានដេញបុសអ្នកដំណើរព្រមទាំងកម្មករសំណង់ម្នាក់ បណ្តាលឲ្យដួលសន្លប់ ហើយ ត្រូវបានក្រុមហ៊ុនដឹកបញ្ជូនទៅសង្គ្រោះ ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ប្រេន ស្រីហ្គិច ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅក្នុងការដ្ឋានក្រុមហ៊ុន O C I C មានស្រុកកំណើតនៅភូមិសង្គមមានជ័យ ឃុំទួលស្នួល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ។ បន្ទាប់ពីបុស ឲ្យកម្មករងរបួសមក គោឈ្មោលមួយក្បាលនោះ ត្រូវបានសន្តិសុខ និងក្រុមកម្មករនាំគ្នាចាប់បានរួច ទាក់ទងទៅសមត្ថកិច្ច ដើម្បីឲ្យម្ចាស់ចេញមកទទួលខុសត្រូវចេញថ្លៃព្យាបាលជនរងគ្រោះ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញគោឈ្មោលមួយក្បាលខាងលើ មានបាញ់ថ្នាំក្បាល និងបាញ់ថ្នាំសម្គាល់អក្សរ A បានរត់ចុះឡើង នៅលើដីវាលតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វា ហើយទំនងប្រហែលជាក្រពុលមុខវា ដែលរត់រួចចេញពីកន្លែងកុងស៊ី លុះដល់ពេលឃើញមនុស្ស ក៏បានបោលបុកតែម្តង ។ ខណៈនោះ ក៏មាននារីម្នាក់ជាកម្មករកំពុងតែដើរធ្វើការនៅក្បែរចិញ្ចើមផ្លូវ ស្រាប់តែគោបានដេញបុសត្រូវខ្នងបណ្តាលឲ្យដួល ហើយត្រូវគោជាន់ថែមទៀត រហូតធ្វើឲ្យសន្លប់ដេកស្តូកស្តឹងតែម្តង។
ប្រភពព័ត៌មានពីសន្តិសុខ រួមជាមួយមេការនៅទីកន្លែងនោះ បាននាំគ្នាចាប់គោចង រីឯជនជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់បន្ទប់ពីគ្រោះជំងឺប៉ៃលិន ដែលស្ថិតនៅផ្សារព្រែកលៀប ហើយ សន្តិសុខបានរាយការណ៍ប្រាប់ទៅនគរបាលប៉ុស្តិ៍ជ្រោយចង្វា ដើម្បីឲ្យនាំយកគោមួយឈ្មោលមួយខាងលើនោះ ទៅចងទុកនៅទីស្នាក់ការដើម្បីឲ្យម្ចាស់ចេញមុខមកដោះស្រាយ ។ គោនោះឲ្យតែឃើញមនុស្សទៅក្បែរវាដេញបុស ដូច្នេះបានជានគរបាលឲ្យសន្តិសុខរក្សាទុក នៅការដ្ឋានជាបណ្តោះអាសន្នសិន ។ គោឈ្មោលមួយក្បាលខាងលើទំនង់ជារត់ចេញ ទីសត្តឃាតជ្រោយចង្វា ខណៈដែលគេឆក់សម្លាប់ មិនស្លាប់ហើយក្រពុលមុខវា ឲ្យតែឃើញមនុស្សដេញបុស ។
ទោះបីជាយ៉ាងណា នៅព្រឹកនោះដែរ មានអ្នកមើលគោជាជនជាតិឥស្លាមម្នាក់ ឈ្មោះ លី ហាក់ ភេទស្រី អាយុ២៧ឆ្នាំ ដែលបានចូលខ្លួន ទៅដោះស្រាយ បានឲ្យដឹងថា នៅវេលាព្រឹកនោះ គាត់បានដឹកគោចេញពីក្រោលទៅឲ្យស៊ីស្មៅ ស្រាប់តែឆ្កែព្រូស គោរត់ទៅបាត់ ក្រោយមកទើបដឹងថា ដេញបុសគេបណ្តាលឲ្យមានរបួសរហូតដល់សន្លប់ ។ អ្នកមើលគោរូបនោះ ក៏បានធានាទទួលខុសត្រូវដោយចេញថ្លៃព្យាបាលជនងគ្រោះ ៕
មតិយោបល់