ព័ត៌មានជាតិ

តាយំឱបសពយាយ បន្ទាប់ពីត្រូវរថយន្តកុងតឺន័រ បុកម៉ូតូពីក្រោយស្លាប់

កំពង់ស្ពឺ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រថយន្ដកុងតឺន័រមួយគ្រឿងបើកកៀរម៉ូតូមួយគ្រឿង ដែលបើកបរដោយប្ដីប្រពន្ធ០២នាក់ ពីក្រោយ បានបណ្ដាលឲ្យស្ត្រីជាប្រពន្ធស្លាប់ និងបុរសជាប្ដីរងរបួសធ្ងន់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងស្ថិតនៅលើផ្លូវជាតិលេខ៤ គីឡូម៉ែត្រ ៥០-៥១ ត្រង់ចំណុចភូមិផ្សារសាមគ្គី សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៨ និង៣០នាទី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ។

យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលនគរបាលចរាចរណ៍ក្រុងច្បារមន បានឲ្យដឹងថា ៖ ភាគីខាងរថយន្ដម៉ាកHINO ពណ៌ស ពាក់ផ្លាកលេខកណ្ដាល៣A-១៣០៩ ពាក់ផ្លាកលេខកណ្ដាល៤A-០០១៨ (មិនទាន់ស្គាល់ឈ្មោះ និងអាសយដ្ឋាននោះទេ) ។ ចំណែឯភាគីខាងម៉ូតូម៉ាកហុងដាC១២៥ ពណ៌ខ្មៅ ស៊េរី២០១២ ពាក់ផ្លាកលេខភ្នំពេញ១BH-៧១៩១ ឈ្មោះ មួល ទៀង ភេទប្រុស អាយុ៦៣ឆ្នាំ (រងរបួសស្រាល) និងឈ្មោះ នៅ លៀង ភេទស្រី អាយុ៦២ឆ្នាំ (ត្រូវជាប្រពន្ធ ស្លាប់នៅនឹងកន្លែងកើតហេតុ) ទាំងពីរនាក់ រស់នៅភូមិរកាកោះ ឃុំទ្រាំងត្រយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង ។

ប្រភពដដែលបានបន្តថា ៖ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ដបានចុះរត់គេចខ្លួនបាត់ស្រមោល ។ រីឯសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធទាំងពីរត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី ៕

មតិយោបល់