ព័ត៌មានជាតិ

កញ្ញា ខុម ចាន់ដារ៉ាទី អំពាវនាវរកយុត្តិធម៌ពីតុលាការ ខណៈរូបនាង បានផ្តល់ចម្លើយពិត ដល់តំណាងអយ្យរួចហើយ

ភ្នំពេញ៖ នៅក្នុងបទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន ក្រោយពីតំណាងអយ្យការសាកសួរចប់ នាម៉ោងប្រមាណជា១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែមសា ឆ្នាំ២០១៦នេះ កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ បានថ្លែងថា នាងសុំឱ្យតុលាការជួយរកយុត្តិធម៌ឱ្យរូបនាងផង ព្រោះនាងបានផ្តល់ចម្លើយពិតដល់តំណាងអយ្យការអស់ហើយ។ ស្រីមុំបន្តថា នាងមានភាពភ័យខ្លាចខ្លាំង ប៉ុន្តែនាងសុំមិននិយាយអ្វីតទៅទៀតទេ ទៅកាន់អ្នកសារព័ត៌មាន។

លោកស្រី ទ្រី ឈួន មេធាវីការពារក្តីកញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ បានផ្តល់បទសម្ភាសន៍ ឱ្យអ្នកសារព័ត៌មានថា នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ លោក សៀង សុខ តំណាងអយ្យការបានសាកសួរកូនក្តីអ្នកស្រីចប់សព្វគ្រប់ហើយ ទាក់ទងនឹងរបាយការណ៍របស់សមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំង ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដែលបានបង្ហាញថា កូនក្តីលោកស្រីបានផ្តល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ ដែលកើតចេញពីសម្លេងខ្សែអាត់ទំនាក់ទំនងស្នេហារវាងលោក កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ និងកូនក្តីលោកស្រី។
ពាក់ព័ន្ធនឹងសំណុំងនេះ Post News មិនអាចសុំការបំភ្លឺពីលោក សៀង សុខ តំណាងអយ្យបានទេ ដោយទូរស័ព្ទរបស់លោកហៅចូលហើយមិនមានអ្នកទទួល។ បើយោងតាមសម្តីរបស់លោក សៀង សុខ តំណាងអយ្យ ដែលចុះផ្សាយដោយបណ្តាញសារព័ត៌មានក្នុងស្រុកមួយបានបញ្ជាក់ថា កញ្ញា ខុម ចាន់ដារ៉ាទី បានសារភាពទទួលស្គាល់សម្លេងនៅក្នុងខ្សែអាត់ដែលបែកធ្លាយ គឺជាសម្លេងរបស់នាង និយាយជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ពិតប្រាកដមែន។

  
  
  

មតិយោបល់