ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់ បានចងកលេងនឹងមែកស្វាយ បណ្តាលឲ្យរឹត ស្ទះផ្លូវដង្ហើមដាច់ខ្យល់ស្លាប់

សៀមរាប: នៅថ្ងៃទី០១​ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០និង០០នាទី មានករណីក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ បានចងកលេងនឹងដែកស្វាយមួយដើម បណ្តាលឲ្យរឹតកស្ទះផ្លូវដង្ហើមដាច់ខ្យល់ស្លាប់ បង្កការភ្ញាក់ផ្អើលកើតឡើង នៅចំណុចភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ។

សពជនរងគ្រោះឈ្មោះ ឈង់ គិមឡាង ភេទប្រុស អាយុ៨ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។

ក្រោយទទួលសេចក្តីរាយការណ៍ កម្លាំងនគរបាលប៉ុស្តិ៍ សហការជាមួយកម្លាំងនគរបាលបច្ចេកទេសខេត្ត និងលោកគ្រូពេទ្យមន្ទីរពេទ្យខេត្ត ចុះដល់កន្លែងកើតហេតុ ធ្វើការស៊ើបអង្កត ស្រាវជ្រាវ
។ ការពិនិត្យឃើញថាសពបានចងកដោយខ្សែអង្រឹង ពណ៌ត្រេអ៊ី ប្រវែង៦៥សង់ទីមែត្រ ភ្ជាប់នឹងមែកស្វាយមួយដើម មានកម្ពស់១១០សង់ទីម៉ែត្រ នៅបរិវេណមុខផ្ទះ។
សពមានកម្ពស់១២៥សង់ទីម៉ែត្រមានស្នាមជាំនៅចំណុចក (ចង) ក្រៅពីនេះមិនមានស្លាកស្នាម អ្វីពាក់ព័ន្ធនិងបទឃាតកម្មនោះទេ ។

ការសន្និដ្ឋាន៖ផ្នែកនគរបាលបច្ចេកទេសខេត្ត សាកសពអាចស្លាប់ដោយការចងកលេង បណ្តាលស្ទះផ្លូវដង្ហើម ចំណែកលោកគ្រូពេទ្យ៖ សាកសពស្លាប់ដោយសារស្ទះផ្លូវដង្ហើម តាមរយ:ការចងក។

តាមការបំភ្លឺរបស់ឈ្មោះ ទូច សុគុណ ភេទប្រុស អាយុ៥១ឆ្នាំ ជាជីតារបស់សាកសព ប្រាប់ថា៖ ចៅគាត់ (ឈង់ គិមឡាង)ជនរងគ្រោះ មានសតិស្មារតីធម្មតា បច្ចុប្បន្នរស់នៅផ្ទះជាមួយគាត់ ដោយឪពុកម្តាយគេទៅធ្វើកម្មករនៅប្រទេសថៃ ។ ចៅខាងលើតែងដើរលេងផ្ទះអ្នកខាងឬអង្គុយលេងនៅក្រោមដើមស្វាយ បរិវេណដីមុខផ្ទះគាត់(កន្លែងកើតហេតុ) ។

ដោយឡែកនៅថ្ងៃកើតហេតុ ម៉ោង០៩ និង៣០ព្រឹក គាត់ឃើញចៅ(ឈង់ គិមឡាង)ដែលជាជនរងគ្រោះមកពីដើរលេងផ្ទះអ្នកជិតខាង ដោយមានកាន់ខ្សែអង្រឹង១ខ្សែ(មិនដឹងថាយកពីណាទេ) សួរគាត់រកជំពាមកៅស៊ូក្នុងផ្ទះតែដោយរកមិនឃើញ គេកាន់ខ្សែអង្រឹងនោះចេញទៅក្រៅផ្ទះ គាត់និងប្រពន្ធនៅក្នុងផ្ទះមិនបានមើលចៅទេ លុះរំលងកន្លះម៉ោងបន្ទាប់ ដោយស្ងាត់បាត់ចៅ គាត់ក៏ចេញមកមើលមុខផ្ទះ ស្រាប់តែឃើញ ចៅ(ឈង់ គិមឡាង)ចងកនៅមែកស្វាយមួយដើមដែលជាកន្លែងគេធ្លាប់អង្គុយលេង ដោយឃើញចុងជើងទាំង២ទល់ដី ជង្គង់អង្កុញ មាត់ចំហ គាត់ហៅប្រពន្ធ និងអ្នកជិតខាងជួយលើកគ្រា និងកាត់ខ្សែចងកនោះផ្តាច់ និងបានធ្វើចលនាបេះដូងតែចៅមិនដឹងខ្លួន ទើបដឹកទៅមន្ទីរពេទ្យបង្អែកស្រុកពួក គ្រូពេទ្យប្រាប់ថា ចៅ(ឈង់ គិមឡាង)ស្លាប់បាត់ហើយ គាត់ក៏ដឹកសាកសពចៅមកផ្ទះវិញនិងរាយការណ៍ទៅសមត្ថកិច្ច ។

តាជនរងគ្រោះគាត់បានអះអាងថា ចៅ(ឈង់ គិមឡាង)ពិតជាចងកលេង បណ្តាលឲ្យស្លាប់ខ្លួនឯងពិតមែន មិនមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនោះទេ ។

ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យចប់សព្វគ្រប់ បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់