ព័ត៌មានជាតិ

ស្រាបៀរ ប្រេងខ្យង ទឹកម្ទេស ទឹកស៊ីអ៊ីវ…ត្រូវមន្ត្រីជំនាញរកឃើញខូចគុណភាព

ស្ទឹងត្រែងៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តស្ទឹងត្រែង ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់នៅផ្សារគីឡូពីរ និងផ្ទះបោះដុំចែកចាយ ក្នុងខេត្តស្ទឹងត្រែង។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសំបកវេចខ្ចប់ផងដែរ។

* ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាព និងមានផ្ទុកសារធាតុគីមីហាមឃាត់ រួមមាន៖
– ពពុះសណ្តែក មានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax) ចំនួន ៧គីឡូក្រាម
– ទឹកស៊ីអ៊ីវ ខូចគុណភាព ចំនួន ៣យួរ ស្មើនឹង ៦គីឡូក្រាម
– ស្រាបៀរ ខូចគុណភាព ចំនួន ១២កំប៉ុង ស្មើនឹង ៤គីឡូក្រាម
– ប្រេងខ្យង ខូចគុណភាព ចំនួន ៤ដប ស្មើនឹង ១គីឡូក្រាម
– សណ្តែកកំប៉ុង ខូចគុណភាព ចំនួន ៤កំប៉ុង ស្មើនឹង ៤គីឡូក្រាម
– ទឹកម្ទេស ខូចគុណភាព ចំនួន ៥ដប ស្មើនឹង ៣គីឡូក្រាម
សរុបទំនិញដកហូតបានចំនួន ២៥គីឡូក្រាម។

បន្ទាប់មកមន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ មករក្សាទុកដើម្បីដុតកម្ទេចចោលនាពេលក្រោយតាមនីតិវិធី និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត។

នៅក្នុងថ្ងៃខែដដែល មន្ត្រីសាខា ក.ប.ប. បានចុះទៅទីតាំងផ្ទះវេចខ្ចប់អំបិល ដើម្បីត្រួតពិនិត្យរកកំហាប់អ៊ីយ៉ូតក្នុងអំបិល ជាលទ្ធផលមន្ត្រីជំនាញ រកឃើញអំបិលម៉ត់ច្រកថង់មានសារធាតុ អ៊ីយ៉ូត ត្រឹមត្រូវ ដោយឡែកអំបិលគ្រួសដែលច្រកក្នុងថង់នោះគឺ ពុំមានសារធាតុ អ៊ីយ៉ូត ឡើយ។ បន្ទាប់មកមន្ត្រីជំនាញ បានឱ្យម្ចាស់ទំនិញធ្វើកិច្ចសន្យាផ្លាស់ប្តូរថង់ធម្មតាវិញ៕

មតិយោបល់