ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្នុងចំណោម ២០នាក់ ករណីជិះម៉ូតូដេញវ៉ៃក្មេងប្រុស ២នាក់ បណ្ដាលឲ្យធ្លាក់ជង្ហុកបាក់កស្លាប់ និងសន្លប់

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ក្រោយពីមានបណ្តឹងពីស្ត្រីឈ្មោះ នឹង សំណាង អាយុ ៣៤ឆ្នាំ នៅភូមិភាសជើង ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលជាម្តាយ របស់ជនរងគ្រោះឈ្មោះ ឈើយ ថន ភេទប្រុស អាយុ ១៥ឆ្នាំ ដោយប្តឹងថាកូនរបស់គាត់ពុំមែនស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នោះ ។

អនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរង ទទួលការងារព្រហ្មទណ្ឌ បានបើកការស៊ើបអង្កេតលើករណីស្លាប់ ជនរងគ្រោះឈ្មោះ ឈើយ ថន កាលពីយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ នៅចំណុចខាងត្បូងគោកពង្រ ស្ថិតក្នុងភូមិភាសខាងត្បូង ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ទាក់ទិននឹងបើកការស៊ើបអង្កេតនេះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្នុងចំណោមគ្នីគ្នា ២០នាក់ មកសាកសួរចម្លើយនៅស្នងការដ្ឋាន នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ។

លោកវរសេនីយ៍ទោ ភឿង ម៉ាន់សឹង្ហ នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា ៖ជនសង្ស័យដែលត្រូវបានធ្វើការឃាត់ខ្លួន ១/-ឈ្មោះ ណាត ដូច ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ,២/-ឈ្មោះ ភាព ចាន់យ៉ាក់ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិត្បែង ឃុំបុស្បូវ ស្រុកព្រះនេត្រ​ព្រះ ,៣/-ឈ្មោះ សឿត ចិត្ត ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិតាបៅ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ។ ជនសង្ស័យទាំង០៣នាក់នេះ ក្នុងចំណោមបក្ខពួកគេ២០នាក់ ដែលជាក្រុមកាងស្រីក្នុងភូមិ កាលពីយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០កន្លងមកនេះ បានធ្វើសកម្មភាពជិះម៉ូតូដេញតាមវ៉ៃ ក្រុមជនរងគ្រោះដែលជិះម៉ូតូ០១គ្រឿង មានគ្នីគ្នា០៣នាក់ ពីវត្តខ្ចាស់ ភូមិខ្ចាស់ ឃុំបុស្បូវ ដោយមានការភ័យខ្លាចនិងក្រុមជនបង្កល្មើសដែលបើកម៉ូតូតាមប្រកិតៗនោះ ក្រុមជនរងគ្រោះបានបើកម៉ូតូព្យាយាមគេចខ្លួន រហូតដល់ចំណុចគោកពង្រខាងត្បូង ស្ថិតក្នុងភូមិភាសខាងត្បូង ឃុំសារង្គ ស្រុកស្វាយចេក ម៉ូតូជនរងគ្រោះបានធ្លាក់ជង្ហុករេចង្កូតធ្លាក់ប្រឡាយ បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ឈើយ ថន ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិភាសជើង ឃុំសារង្គ បាក់កស្លាប់ ចំណែកអ្នករួមដំណើរ ១/-ឈ្មោះ កាយ យ៉ាន់ ភេទប្រុស អាយុ១៤ឆ្នាំ និង២/-ឈ្មោះ នី វណ្ណថៃ ភេទប្រុស អាយុ១៥ឆ្នាំ ទាំង០២នាក់ នៅភូមិកន្ត្រង់ ឃុំសារង្គ បានសន្លប់ ។

លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរង ទទួលាការងារ នគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា ៖ ​នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០៣នាក់ បានសារភាពថា ពួកខ្លួន និងបក្សពួកគេប្រមាណជា២០នាក់ ជិះម៉ូតូចំនួន១០គ្រឿង បានធ្វើសកម្ម​ភាពដេញវាយក្រុមជនរងគ្រោះជិះម៉ូតូ០១គ្រឿងនោះពិតមែន ពេលដេញតាមវៃដល់ចំណុចខាងត្បូងភូមិភាស ស្រាប់តែម៉ូតូជនរងគ្រោះដួល រួចហើយពួកគេក៏នាំគ្នាជិះម៉ូតូត្រឡប់មកវត្តខ្ចាស់វិញ។ ដោយផ្អែកលើ ចម្លើយសារភាព និងមានសាក្សីបំភ្លឺរួមទាំងបណ្តឹងរបស់ម្តាយជនរងគ្រោះ ជនសង្ស័យទាំង០៣នាក់ និងបក្សពួកគេផ្សេងទៀត ត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ ដោយសារមរណភាពជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ កម្លាំងនគរ​បាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកបក្សពួកគេនៅសេសសល់កម្លាំងនគរបាលបន្តស្រាវជ្រាវ ដើម្បីចាប់ឃាត់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ដោយមិនទុកឲ្យពួកគេបង្កព្យុះភ្លៀង​ដែលធ្វើឲ្យល្អក់កករក្នុងសង្គមនោះឡើយ៕

មតិយោបល់