ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយស្ត្រីម្នាក់ បានជិះម៉ូតូ១គ្រឿង ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលទៅបុកពីក្រោយរថយន្តកុងទ័រនឺ បណ្តាលឲ្យស្លាប់ភ្លាមៗតែម្ដង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង៣៤នាទីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខកន្លែងផលិតទឹកសុទ្ធរ៉ាល់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
ស្ត្រីរងគ្រោះ ពុំទាន់ស្គាល់អត្តសញ្ញាណទេ មានអាយុប្រហែល ២០ឆ្នាំក្រាស់ ចំណែកឯម៉ូតូវិញ ខូចខាតតិចតួចតែប៉ុណ្ណោះ។
ដំណើររឿង៖ ដើមហេតុដំបូង គេឃើញរថយន្តកុងទ័រនឺ១គ្រឿង ពណ៌លឿង ក្បាលពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 4A-8212 ឈប់ចតជាច្រើនម៉ោងកន្លែងកើតហេតុ ដោយមានដាក់ចំណាំងផ្លាតផងដែរ។ លុះដល់វេលាកើតហេតុ គេឃើញស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ បានជិះម៉ូតូ១គ្រឿង ម៉ាកគុប90 ពណ៌ខៀវលាយស ពាក់ផ្លាកលេខ ភ្នំពេញ1O-0916 ធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ៦ មិនដឹងស្ត្រីខាងលើ ជិះគេចរថយន្តបើកលឿន រឺយ៉ាងណាទេ បានជ្រុលចង្កូតទៅបុកគូទរថយន្ត
កុងទ័រនឺ បណ្តាលឲ្យដួលខ្ទាតទៅផ្ទប់នឹងគូទរថយន្តបោកក្បាលស្លាប់ភ្លាមៗតែម្ដង។
ក្រោយកើតហេតុសពជនរងគ្រោះ សមត្ថកិច្ច ធ្វើកំណត់ហេតុរួច បានដឹកយកទៅតម្កល់ នៅឯវត្តទឹកថ្លា រង់ចាំបងប្អូនសាច់ញ្ញាត មកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕
មតិយោបល់