កណ្ដាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យ២នាក់ ត្រូវនគរបាលស្រុកស្អាងចាប់ខ្លួន យកមកអធិការដ្ឋាននគរបាលស្រុកចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីជនសង្ស័យទាំង២នាក់នេះ ល្បួងយុវតីម្នាក់ យកទៅរំលោភរហូតបានសម្រេចម្ដងម្នាក់។ ករណីនេះបានកើតឡើង នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២៣និង៤៧នាទី នៅចំណុចភូមិព្រែករាំង(ក) ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមាន២នាក់ ទី១-ឈ្មោះ ថា រ៉ត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅខេត្តកណ្តាល និង២-ឈ្មោះ សាន អូន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅខេត្តកណ្តាល។ ចំណែកយុវតីរងគ្រោះមានអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។
លោកអធិការបន្តថា នៅយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២៣និង៤៧នាទីយប់ កម្លាំងប៉ុស្តិ៍នគរបាល បានដើរល្បាតម្ដុំកន្លែងកើតហេតុ ក៏បានទទួលព័ត៌មានពីម្តាយរបស់យុវតីរងគ្រោះថា មានគេលួងលោមកូនរបស់គាត់យកទៅមិនដឹងថាទៅទីណាទេ ហើយគាត់បាននិយាយប្រាប់សមត្ថកិច្ចបន្ថែមទៀតថា អ្នកយកគឺឈ្មោះ ថា រ៉ត និងម្នាក់ទៀតឈ្មោះ សាន អូន ជាអ្នកនាំទៅ។ ដោយបាត់កូនស្រីគាត់យូរពេក គាត់ក៏ទៅរកកូនស្រីគាត់ដល់ផ្ទះជនសង្ស័យ ក៏ឃើញកូនស្រីនៅងផ្ទះឈ្មោះ ថា រ៉ត រួមនឹងឈ្មោះ សាន អូន ក៏នៅទីនោះដែរ ដោយមានការសង្ស័យថា ប្រហែលកូនស្រីរបស់គាត់ត្រូវជនសង្ស័យទាំងពីរនាក់ លួងលោមរំលោភហើយ បន្ទាប់មកគាត់បានសួរនាំកូនស្រីគាត់ភ្លាម ហើយកូនស្រីគាត់បាននិយាយរៀបរាប់ប្រាប់ម្តាយថា ឈ្មោះ ថា រ៉ត និងឈ្មោះសានអូនបានចាប់រំលោភខ្លួន រហូតបានសម្រេចមួយដងម្នាក់ៗ។ ភ្លាមនោះកម្លាំងប៉ុស្តិ៍ បាន ឃាត់ខ្លួនជនសង្សយ័ទាំង២នាក់មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលតែម្ដង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថាខ្លួនពិតជាបានរំលោភយុវតីរងគ្រោះពិតប្រាកដមែន។ ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់