បាត់ដំបងៈ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២២និង១០នាទី នៅក្រុមទី០៥ ភូមិកូនសេក សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីហិង្សាមួយកើតឡើង ដែលករណីនេះ បង្កដោយជនសង័្សយមិនស្គាល់អត្តសញ្ញាណប្រើប្រាស់អាវុធបាញ់មកលើជនរងគ្រោះឈ្មោះ សៀន វុទ្ធី ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅ ភូមិកូនសេក សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបងបណ្តាលឱ្យរង របួសចំក្បាល បែកឈាម ។
ក្រោយកើតហេតុជនរងគ្រោះបាន ដាក់ពាក្យបណ្តឹងចូលមកអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីស្រាវជ្រាវនិងមានវិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិ ដោយក្នុងបណ្តឹងជនរងគ្រោះមាន ការសង័្សយទៅលើអ្នករស់នៅជិតខាងម្នាក់ ដែលធ្លាប់មានទំនាស់ជាមួយគ្នាកន្លងមកថាអាចជាអ្នកប្រព្រឹត្តិ។
ពេលទទួលបានព័ត៌មាននេះ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង យោបល់ណែនាំរបស់លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបា លព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំមន្រ្តីជំនាញធ្វើការស្រាវជ្រាវករណីនេះ ហូតដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ នគរបាលសម្រេចឃាត់ខ្លួនឈ្មោះ មឿត សាមឿន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិកូនសេក សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរស្រាវជ្រាវ លើបញ្ហានេះ ក្រោយពេលសាកសួរជនសង័្សយ បានសារភាពថាខ្លួនពិតជាបានយកកាំភ្លើងខ្យល់បាញ់ទៅលើជនរងគ្រោះខាងលើ កាលពីរាត្រីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ពិតប្រាកដមែន។
លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបងបានបញ្ជាក់ថា មូលហេតុដែលជនស័ង្សយប្រើប្រាស់អាវុធខ្យល់បាញ់ទៅលើជនរងគ្រោះខាងលើ ដោយសារតែខ្លួនចង់ដោះស្រាយគំនុំចាស់ជាមួយ តែប៉ុណ្ណោះ ។ លោកអធិការបន្តថា ក្នុងពេលនេះសមត្ថកិច្ចនគរបាលធ្វើការដកហូតអាវុធខ្យល់ដែលជាមធ្យោបាយបង្កនោះហើយ និងបានរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕


មតិយោបល់