ព័ត៌មានជាតិ

រថយន្តបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ ស្លាប់មួយរំពេច

ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ អ៊ី អាន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិសំរោង២ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានស្លាប់ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តមិនស្គាល់ម៉ាកបុកម៉ូតូ ក្នុងទិសដៅច្រាស់គ្នា ។ ករណីនេះកើតឡើងនៅត្រង់ចំណុចសាងម៉ាង លើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៩និង១០នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះបានជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានផ្លាកលេខ ក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបរក្នុងទិសដៅកើតទៅលិច ច្រាសទិសគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ។

លោកវរសេនីយ៍ត្រី ខឹម ចន្ត្រាក់វិនាថ អធិការរង នៃអធិការដ្ឋាននគរបាលតាលោសែនជ័យ បានឲ្យដឹងទៀតថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះឡើង គឺកត្តាប្រើប្រាស់ល្បឿន ហើយអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ទើបបណ្តាលឲ្យស្លាប់បែបនេះ។

លោកអធិការរងបន្តថា សាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារធ្វើតាមប្រពៃណី ចំពោះវត្ថុតាងម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី រីឯរថយន្តបង្ក និងអ្នកបើកបរ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ៕

មតិយោបល់