ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ស្ត្រីរងគ្រោះម្នាក់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យពោធិ៍សាត់ ដោយករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តមួយគ្រឿងបើកវ៉ាជែង ជ្រុលចង្កូតទៅបុកម៉ូតូធុងទឹកអំពៅ ស្ថិតនៅត្រង់ចំណុចផ្សារសាមគ្គីក្រគរ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៦ និង១៥នាទីព្រឹក លើកំណាត់ផ្លូវជាតិលេខ៥ត្រង់ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៣~១៥៤ ស្ថិតនៅក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីនគរបាលស្រុកក្រគរ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តម៉ាក MAZDA .BT50 ១គ្រឿងពណ៌សពាក់ស្លាក លេខភ្នំពេញ 2AZ.1518 ធ្វើចរាចរណ៍ពីកើតទៅលិច បោះពួយយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើរថយន្តនេះ បើកឡើងវ៉ាជែង រថយន្តខាងមុខរួចជ្រុលចង្កូតទៅបុកម៉ូតូធុងទឹកអំពៅបណ្ដាលឱ្យខូចរថយន្ត០១គ្រឿង ម៉ូតូ០១គ្រឿង រងរបួសធ្ងន់ស្រី្តម្នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិសាត់ ។ ចំពោះ អ្នកលើកបរ រថយន្ត ឈ្មោះ សុខ ចន្ថា អាយុ៥៨ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិទី០១ សង្កាត់ចតុមុខ ខ័ណ្ឌដូនពេញ ក្រុងភ្នំពេញ ។ រីឯម៉ូតូរងគ្រោះម៉ាកHONDA WaVe គ្មានផ្លាកលេខ ពណ៌ខ្មៅ ធ្វើចរាចរពីលិចទៅកើត (ច្រាសទិសគ្នា) រងគ្រោះឈ្មោះណាត គឹមលៀង អាយុ៣៣ឆ្នាំ ភេទស្រី ជនជាតិខ្មែរ រស់នៅភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពដដែលបានបន្តថា ៖ ក្រោយពេលកើតហេតុ រថយន្តបង្កនឹងម៉ូតូរងគ្រោះត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
មតិយោបល់