ត្បូងឃ្មុំៈ សិស្សានុសិស្ស ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេសA ចំនួន១១នាក់ ទូទាំងខេត្តត្បូងឃ្មុំ ត្រូវបានអនុញ្ញាតឲ្យចូលរួមសំណេះសំណាល ជាមួយប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ អាជ្ញាធរ ប្រធានមន្ទីរអប់រំ លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល សិស្សានុសិស្ស យ៉ាងច្រើនកុះករ ។
បើតាមប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ លោក អ៊ិន ពៅសម្បត្តិ បានបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង២២ ខែសីហា ឆ្នាំ២០១៦ ទទួលបានលទ្ធផលមានដូចជា បេក្ខជនចុះឈ្មោះប្រឡងសរុប២.៥៨៦នាក់ ស្រី១.៣៥៧នាក់ មាន១០៥បន្ទប់ បេក្ខជនបានមកប្រឡងសរុបចំនួន២.៥៦៨នាក់ ស្រី១៣៥០នាក់ សរុបស្មើនឹង៩៩.៣០% បេក្ខជនអវត្តមានសរុប ១៨នាក់ ស្រី៧នាក់ មាន០.៦៩% បេក្ខជនប្រឡងជាប់សរុប១.៦៩០នាក់ ស្រី៩៤៧នាក់ ត្រូវជា៦៥.៨៩% និងបេក្ខជនប្រឡងធ្លាក់សរុប ៨៧៨នាក់ ស្រី៣០៣នាក់ ត្រូវជា៣៤.១៩% ។
លោក បន្តទៀតថា ការប្រឡងបាក់ឌុប នៅទូទាំងខេត្តត្បូងឃ្មុំ ឆ្នាំ២០១៦នេះ បេក្ខជនដែលមាននិទ្ទេស A មានចំនួន១១នាក់ ក្នុងនោះមានស្រី៧នាក់ បេក្ខជនដែលមាននិទ្ទេសB មានចំនួន៨១នាក់ ស្រី៥៦នាក់ បេក្ខជន ដែលមាននិទ្ទេសC មានចំនួន១៦៩នាក់ ស្រី៨៩នាក់ បេក្ខជនដែលមាននិទ្ទេសD មានចំនួន២៥៦នាក់ ស្រី១៣៧នាក់ និងបេក្ខជនដែលមាននិទ្ទេស E មានចំនួន១.១៧៣នាក់ ស្រី៦៥៨នាក់។ ម្យ៉ាងវិញទៀត លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៥.២០១៦នេះ ទទួលបាន៦៥.៨១% មានការកើនឡើង៦.៦៦% បើប្រៀបធៀបទៅ នឹងលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៤.២០១៥ ដែលទទួលបានត្រឹមតែ ៥៩.១៥%ប៉ុណ្ណោះ។
ចំណែកលោក ប្រាជ្ញ ចន្ទ បានផ្តាំផ្ញើនឹងជំរុញការលើកទឹកចិត្តដល់សិស្សានុសិស្ស ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ ទូទាំងខេត្ត ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការសិក្សា និងថាការសិក្សាមិនទាន់គ្រប់គ្រាន់នោះទេ គឺត្រូវគួបផ្សំជាមួយ បទពិសោធន៍ ទើបមានលក្ខណៈគ្រប់គ្រាន់ សម្រាប់ជីវិត គឺតម្រូវឲ្យមនុស្សម្នាក់ៗ ត្រូវឆ្លងកាត់ការអប់រំបណ្តុះបណ្តាលផង និងឆ្លងកាត់បទពិសោធន៍ ការងារជាក់ស្តែងផង ដើម្បីក្លាយខ្លួនជាមនុស្សម្នាក់ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានប្រយោជន៍ ដល់សង្គមជាតិទាំងមូល ។ ជាងនេះទៅទៀត លោកបានលើកទឹកចិត្តដល់ប្អូនបេក្ខជន ដែលប្រឡងមិនជាប់ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្ថែមទៀត កុំបាក់ទឹកចិត្តត្រូវតែមានសង្ឃឹមជានិច្ច ជោគជ័យ នៅតែមាន។
នាឱកាសនោះ គណៈអធិបតី ក៏បានឧបត្ថម្ភនូវថវិកាសិស្សានុសិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេសA ចំនួន១១នាក់ ក្នុងម្នាក់ៗចំនួន១លានរៀល ជួនដល់ប្អូនៗសិស្សានុសិស្សដើម្បីលើកទឹកចិត្ត នៃការខិតខំប្រឹងប្រែងរៀនសូត្រកន្លងមក ៕
មតិយោបល់