ព័ត៌មានជាតិ

រថយន្តផ្លាកលេខរដ្ឋមួយគ្រឿង បើកបុកមនុស្សរត់ឆ្លងផ្លូវម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់

ពោធិ៍សាត់: កាលពីថ្ងៃសុក្រ ១៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧និង១០នាទី លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥២-១៥៣ ស្ថិតនៅភូមិ កំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិសាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកមនុស្សរត់ឆ្លងផ្លូវថ្នល់ បណ្តាលឲ្យរងរបួសធ្ងន់បុរសម្នាក់និងខូចខាតរថយន្ត០១គ្រឿង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានរថយន្តម៉ាក TACOMA ពាក់ផ្លាកលេខរដ្ឋ ៣៦.២.១៦៨៨ ពណ៌ស ធ្វើចរាចរណ៍ពីកើត ទៅលិច អ្នកបើកបរឈ្មោះ មាស ពីសី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពោធិ៍២ ឃុំគា ស្រុកមោង ឫស្សី ខេត្តបាត់ដំបង ។ ចំណែកជនរងគ្រោះ ឈ្មោះ ស៊ិន ចាន់ថូ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិសាត់ (រងរបួសធ្ងន់) បានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ ។

ក្រោយកើតហតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរជា បណ្ដាះអាសន្ន ដើម្បីធ្វើតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់