ក្រចេះ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីប៉ុនប៉ងបោកគ្រាប់បែកកែច្នៃចូលផ្ទះឪពុកម្តាយក្មេក នៅចំណុចដីស្រែចម្ការប្រវ៉ា មានចម្ងាយពីផ្លូវជាតិលេខ៧ ប្រហែល១០គីឡូម៉ែត្រ ស្ថិតក្នុងភូមិចង្ហប ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ វេលាម៉ោង១៣និង០០នាទី ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ។
ករណីខាងលើបង្កដោយជនសង្ស័យឈ្មោះ ធា ធី ភេទប្រុស អាយុ៤២ឆ្នាំ បានយកគ្រាប់បែកកែច្នៃចំនួន០៣គ្រាប់ និងសាំងចំនួន០៣ដប ក្នុងគោលបំណងយកទៅគប់ចូលផ្ទះឪពុកនិងម្តាយក្មេករបស់ខ្លួន ។ ពេលនោះបានដុតគ្រាប់បែកច្នៃ១គ្រាប់ តែខុសបច្ចេកទេស ក៏ផ្ទុះត្រូវរបួសដៃស្តាំខ្លួនឯង និងត្រូវឆេះរោលលើកូនប្រុសខ្លួនឯងម្នាក់ទៀត ។
បន្ទាប់ពីទទូលព័ត៌មាននេះភ្លាម កម្លាំងនគរបាលមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវនិងឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ធា ធី បាននៅវេលាម៉ោង១៥និង០០នាទី ថ្ងៃខែឆ្នាំដដែល ។ ឆ្លងតាមការពិនិត្យរបស់គ្រូពេទ្យ និងប៉ុស្តិ៍សុខភាពបញ្ជាក់ថា ជនសង្ស័យ និងកូនត្រូវបញ្ជូនទៅសម្រាកព្យាបាលបន្តនៅមន្ទីរពទ្យបង្អែកខេត្តទៀត ៕
មតិយោបល់