ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្នបងប្អូន! រកឃើញគុយទាវមានផ្ទុកសារធាតុគីមី នៅទីតាំងផលិត ក្នុងស្រុកពញាក្រែក

ត្បូងឃ្មុំៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ លោក មាស មោរ៉ា ប្រធានសាខាស៊ើបអង្កេត នៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ( ក.ប.ប.) ខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រី ក.ប.ប ខេត្ត សហការជាមួយលោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកទេស និងនវានុវត្តន៍ខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត លោកអភិបាលរង និងអធិការរងស្រុកពញាក្រែក និងលោកមេឃុំកោងកាង ចុះប្រតិបត្តការរួមគ្នាត្រួតពិនិត្យទីតាំងផលិតគុយទាវសរសៃធំមួយកន្លែង ស្ថិតនៅភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោក មាស មោរ៉ា ឲ្យដឹងថា តាមរយៈការត្រួតពិនិត្យ និងការធ្វើតេស្តលើគំរូសរសៃគុយទាវ ដែលមាននៅនឹងកន្លែង នៅចំពោះមុខម្ចាស់ផលិតផល មន្ត្រីជំនាញបានរកឃើញវត្តមានសារធាតុបូរ៉ាក់ (ទឹកអន្សារ) ដែលជាសារធាតុគីមីហាមឃាត់ដាក់ក្នុងម្ហូបអាហារ បង្កផលប៉ះពាល់សុខភាពអ្នកបរិភោគ។

ជាមួយគ្នានោះ មន្ត្រីជំនាញបានចាត់វិធានការដកហូតនូវវត្ថុតាងសារធាតុគីមីបូរ៉ាក់(ទឹកអន្សារ) ចំនួន ៤.៥០kg និងផលិតផលបន្ទះគុយទាវចំនួន ១០គីឡូក្រាម។

លើសពីនេះ មន្ត្រីជំនាញបានធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាពផលិតជាបណ្តោះអាសន្ន រហូតទាល់តែការផលិត ការកែច្នៃ ផលិតផលសរសៃគុយទាវគ្មានសារធាតុគីមីបូរ៉ាក់ ឬទឹកអន្សារ ៕

មតិយោបល់