ភ្នំពេញៈ យុវតីម្នាក់ បានជិះម៉ូតូឌុបបងស្រីត្រទ្បប់ទៅរោងចក្រវិញ ខណៈកំពុងធ្វើដំណើរ ស្រាប់តែមានអាការៈងងឹតវិលមុខ ក៏រេចង្កូតទៅបុកពីក្រោយម៉ូតូកង់បី ដែលឈប់ចតនៅចិញ្ចើមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ បាក់ជើងស្តាំ។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ៦និង៤៥នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ស្ថិតតាមមហាវិថីឈ្នះ ឈ្នះ ចំណុចភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។
យុវតីរងគ្រោះ ឈ្មោះសេង ប៊ុនឡុង អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិត្រពាំងអញ្ចាញ១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រងរបួសធ្ងន់បាក់ជើងស្តាំ ។
ប្រភពពីក្រុមគ្រួសារ បានឲ្យដឹងថា ខណៈដែលសាច់ញាតិ បងប្អូនគ្រួសារ កំពុងមានទុក្ខជាទម្ងន់ ដោយម្តាយរបស់ជនរងគ្រោះ បានធ្វើមរណៈកាល ហើយក៏កំពុងធ្វើបុណ្យផងដែរ ស្រាប់តែនៅព្រឹកថ្ងៃទី១៣ ខែកក្កដានេះ យុវតីរងគ្រោះ បានជិះម៉ូតូ ម៉ាកធូដេ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HR-6281 ឌុបបងស្រីទៅរោងចក្រ។ លុះពេលវិលត្រឡប់មកវិញ ធ្វើដំណើរតាមមហាវិថីឈ្នះ ឈ្នះ ពីជើងទៅត្បូង បានបើកលឿនប្រញាប់ទៅផ្ទះវិញ ក៏មានអាការៈងងឹតវិលមុខ ទើបធ្វើឲ្យរេចង្កូតធ្លាក់ទៅចិញ្ចើម ជ្រុលទៅបុកពីក្រោយម៉ូតូកង់បី ដែលចតឈប់ស្ងៀម (ម្ចាស់ចុះបត់ជើងតូច) បណ្តាលឲ្យយុវតីរងរបួសធ្ងន់បាក់ជើងស្តាំ ។
ក្រោយកើតហេតុ ភាគីខាងម៉ូតូកង់បី ជួយលើក ទំនាក់ទំនងទៅក្រុមគ្រួសារ ហើយជនរងគ្រោះ ប្រាប់ថា ឲ្យម៉ូតូកង់បីទៅចុះ មិនប្តឹងផ្តល់អ្វីទេ មកពីគាត់ងងឹតវិលមុខ ទើបរេចង្កូតទៅបុកពីក្រោយម៉ូតូកង់បី៕
មតិយោបល់