សៀមរាបៈ ករណីជនបរទេសធ្វើអត្តឃាត(ចង.ក)សម្លាប់ខ្លួន កាលពីវេលាម៉ោង ១១និង៣០នាទីថ្ងៃទី៣០ ខែឧសភាឆ្នាំ២០១៩ នៅក្នុងបន្ទប់ដេករួម គ្រែលេខ១៧ ផ្ទះសំណាក់ Pension Lodge ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ KOVALEV VIKTOR ភេទប្រុស កើតថ្ងៃទី០៤ ខែសីហា ឆ្នាំ១៩៧៩ ជនជាតិ រុស្ស៊ី កាន់លិខិតឆ្លងដែនលេខ៦៥១៨៣១៦៤៥ ប្រើប្រាស់ទិដ្ឋាការប្រភេទស្វែងរកការងារ(EG) ចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៩ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ស្នាក់នៅផ្ទះសំណាក់កើតហេតុខាងលើ។
យោងតាមការសាកសួរពីសាក្សីឈ្មោះ គឿន សុភាព ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិកសម្អាតបន្ទប់បានឲ្យដឹងថា នាវេលាម៉ោងប្រហែល ១១និង៣០នាទីថ្ងៃទី៣០ ឧសភា ២០១៩ ខ្លួនបានចូលទៅសម្អាតបន្ទប់ ក៍ស្រាប់តែបានឃើញជនរងគ្រោះចង.ក ខ្លួនឯងជាប់នឹងគ្រែលេខ១៧ ស្លាប់បាត់ទៅហើយ ឃើញដូចនេះខ្លួនក៍បានរត់មកប្រាប់ម្ចាស់ផ្ទះសំណាក់ នឹងបានរាយការណ៍ជូនសមត្ថកិច្ចតែម្តង។
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា៖ ជនរងគ្រោះស្លាប់ដោយ ធ្វើអត្តឃាត(ចង.កសម្លាប់ខ្លួន) សពត្រូវបានបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ន នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្ស៊ី)រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចរបស់ក្រុមគ្រួសារនិងស្ថានទូត៕
មតិយោបល់